(ភ្នំពេញ)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងថា ក្នុងនាមជាបេក្ខជន ត្រូវមានទំនួលខុសត្រូវធំធេងណាស់ចំពោះគណបក្ស និងជាតិមាតុភូមិ ព្រមទាំងឈរជាតំណាងដ៏សំខាន់របស់គណបក្ស ដើម្បីដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ និងបោះឆ្នោតក្រោយទៀត។

ការលើកឡើងបែបនេះ របស់លោក លី ធុជ បានធ្វើឡើងនៅក្នុងឱកាសលោកជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ក្រុងបាវិត ទាំងបេក្ខជនពេញសិទ្ធិ បេក្ខជនបម្រុង និងបេក្ខជនអត់ជាប់ឈ្មោះ សរុបចំនួន ៨៧នាក់ ដើម្បីលើកកម្ពស់ឯកភាពសាមគ្គីភាពផ្ទៃក្នុងគណបក្ស និងត្រៀមខ្លួនសម្រាប់យុទ្ធនាការបោះឆ្នោតនាពេលខាងមុខ ឆ្ពោះទៅរកភាពឈ្នះឆ្នោតឆ្នាំ ២០២២ និងឆ្នាំ២០២៣ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ។

លោក លី ធុជ បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមយើងជាបេក្ខជន យើងទាំងអស់គ្នាមានទំនួលខុសត្រូវធំធេងណាស់ចំពោះគណបក្ស និងជាតិមាតុភូមិ ព្រមទាំងឈរជាតំណាងដ៏សំខាន់របស់គណបក្ស ដើម្បីដណ្តើមជ័យជំនះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ និងបោះឆ្នោតក្រោយទៀត។ យើងនៅលើទូកតែមួយ យើងមានវាសនាតែមួយ ហើយយើងទាំងអស់គ្នា គឺគ្រាន់តែជាអ្នកបម្រើបណ្តោះអាសន្នរបស់គណបក្ស និងជាតិមាតុភូមិប៉ុណ្ណោះ»

ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ បានណែនាំដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ក្រុងបាវិត ក៏ដូចជាសមាជិកគណបក្សក្រុងបាវិតទាំងអស់ ដូចខាងក្រោម៖

ទី១៖ បន្តខិតខំប្រឹងប្រែងធ្វើការ ដើម្បីទទួលបានទំនុកចិត្ត និងឆក់យកបេះដូងប្រជាពលរដ្ឋរបស់យើង ដោយត្រូវរក្សាឱ្យបាននូវទំនាក់ទំនង ប្រៀបបានទៅនឹង «ទូកនិងទឹក»
ទី២៖ បន្តលើកកម្ពស់មេត្តាធម៌ សេចក្តីស្រលាញ់ និងសប្បុរសធម៌ជាមួយប្រជាពលរដ្ឋរបស់យើង
ទី៣៖ បន្តលើកកម្ពស់សាមគ្គីភាព ឯកភាព និងសេចក្តីស្រឡាញ់ ក្នុងចំណោមក្រុមការងារ និងសមាជិកបក្ស
ទី៤៖ បន្តគោរព (សមាជិកថ្មីគោរពសមាជិកចាស់) យកចិត្តទុកដាក់ និងគាំទ្រសមាជិកចាស់ (គណបក្សយើងមិនមានវប្បធម៌ទុកនរណាម្នាក់ចោលទេ)
និងទី៥៖ ពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំរបស់យើង

ជាមួយគ្នានេះ លោក លី ធុជ បានស្នើសុំឱ្យសមាជិកគណបក្សទាំងអស់ត្រូវបន្តលើកកម្ពស់ស្មារតីក្រុម លើកកម្ពស់ការចូលរួម និងការពិភាក្សា និងលើកកម្ពស់ភាពស្មោះត្រង់ និងសុចរិតភាព ហើយត្រូវនិយាយចេញពីបេះដូងប្រកបដោយសំលេង និងកាយវិការទន់ភ្លន់ ហ៊ាននិយាយ ហ៊ានធ្វើ។

លោក លី ធុជ បានបញ្ជាក់បន្ថែមទៀតថា គោលបំណងនៃគណបក្សប្រជាជនកម្ពុជា គឺបម្រើផលប្រយោជន៍ដល់ប្រជាជនឱ្យសម្រេចបាននូវសេចក្តីប្រាថ្នា ដើម្បីទទួលបានជីវិតដ៏ល្អប្រសើរ៕