(ភ្នំពេញ)៖ អតីតសកម្មជនគណបក្សនយោបាយនានាជាង១០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេទាំងនោះអស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន១១៨នាក់នេះ បានធ្វើឡើងនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងនោះ លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានថ្លែថា សកម្មជនបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាអតីតសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សមួយចំនួនទៀត បន្ទាប់ពីពួកគេមើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជន។

លោក យឿន យឿត បានបន្តទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានមន្រ្តី និងសកម្មជនគណបក្សដទៃទៀត បានសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ជាក់ស្តែងដូចថ្ងៃនេះជាដើម ពួកគេបានមកដោយស្រេចតែចិត្តដោយគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិត ជាពិសេសថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានរស់នៅជាមួយប្រជាជនជានិច្ច ខណៈដែលប្រទេសជាតិមានទុក្ខលំបាកដូចករណីជួបប្រទះនិងបញ្ហាកូវីដ១៩ជាដើមនោះ។

យ៉ាងណាក៏ដោយក្នុងឱកាសនោះ លោក យឿន យឿត បានលើកឡើងថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេល ៤៣ ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។

លោក បានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ពីគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ។

ទន្ទឹមនេះ លោក យឿន យឿត ក៏បានស្នើដល់សមាជិក-សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ពលរដ្ឋ។ លោកបានបញ្ជាក់ថា ការបញ្ចូលសមាជិកថ្មីនេះ ដើម្បីពង្រឹង និងបង្កើនការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕