(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលតះហ្វីសហ្ស៊ុលគូរអានអាន់នូរ និងសាលាបឋមសិក្សាអាន់នូរ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអ្នកចូលរួមចំនួន៤៣១នាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរពីគំរូរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រឹងប្រែងតស៊ូរៀនសូត្រ នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាទីកន្លែងដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចំណាយពេលវេលា ក្រេប ជញ្ជក់ ចំណេះដឹង រហូតជ័យលាភីសញ្ញប័ត្របណ្ឌិត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្រេបយកចំណេះដឹងជំនាញ និងបទពិសោធជាសកលលើឆាកអន្តរជាតិ ដើម្បីយកមកកសាង និងអភិវឌ្ឍសង្គមជាតិ មាតុភូមិយើងឱ្យបានរុងរឿងបន្ថែមទៀត ជាក់ស្តែង លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវគំរូ ជាបញ្ញវ័ន ប្រកបដោយគុណធម៍ ឧត្តុងឧត្តមតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំបំពេញការងារបក្ស យោធា និងសកម្មភាពមនុស្សធម៌ជាច្រើនមកន្លងមកដែលជាគំរូដ៏ប្រពៃ និងជាទីមោទនសម្រាប់យុវជនកម្ពុជាយើង នេះបើតាមលោកបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ បន្ថែម។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តទៀតថា៖ «ក្នុងឆ្នាំសិក្សា១៩៩២-១៩៩៣ យុវសិស្សមកពីវិទ្យាល័យភ្នំដូនពេញយុវជន ហ៊ុន ម៉ាណែត បានក្លាយជាយុវសិស្សពូកែ មួយរូបខាងផ្នែកគណិតវិទ្យាទូទាំងប្រទេសដោយទទូលបានចំណាត់ថ្នាក់លេខ១។ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានចេញទៅបន្តការសិក្សានៅបរទេសរហូតទទួលបានសញ្ញាប័ត្របណ្ឌិត នេះបង្ហាញពីភាពតស៊ូរស់នៅឆ្ងាយពីគ្រុមគ្រួសារ ឆ្ងាយពីមាតុភូមិ ឆ្ងាយពីឪពុកម្តាយ ដើម្បីក្រេបយកចំណេះដឹង និងដើម្បីយកមកកសាងប្រទេសជាតិ»

ឆ្លៀតយកឱកាសនោះ លោក បណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់ផងដែរថា ដោយមើលឃើញនូវចំណុចវិជ្ជមានជាច្រើនឥតគណនារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេស គណបក្សចាស់ទុំ មានបទពិសោធគ្រប់គ្រាន់លើកិច្ចការនយោបាយ ទាំងបច្ចុប្បន្ន និងទៅអនាគត នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ថ្មីៗនេះ បានបោះឆ្នោតជ្រើសតាំងសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ លោកបណ្ឌិត អភិបាលខេត្តក៏បានថ្លែងដែរថាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត លោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាពិសេសេក្នុងស្រទាប់យុវជន សុទ្ធតែបានបង្ហាញការគាំទ្រប្រកបដោយឆន្ទៈ និងសុភវិនិច្ឆ័យចំពោះអនាគត លោក បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត ៕