(ភ្នំពេញ)៖ ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន២១៩,៨១៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២០៨,៥៧៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១១,២៤២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៦១,១៨៧នាក់
* រាជធានីភ្នំពេញ ២៩,៧៧១នាក់
* ខេត្តពោធិ៍សាត់ ២៤,៨៤៥នាក់
* ខេត្តបាត់ដំបង ១៨,៥៩៩នាក់
* ខេត្តសៀមរាប ១៥,៣៧១នាក់
* ខេត្តកំពត ១១,៥៨៣នាក់។

ជាការកត់សម្គាល់របស់លោក ថោង ខុន បន្ទាប់ពីចរន្តភ្ញៀវផុសផុលនាសប្តាហ៍កន្លងមកដែលមានពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចរន្តភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍នាចុងសប្តាហ៍នេះ មិនមានការស្រុតចុះខ្លាំងទេ ប្រៀបធៀបនឹងរយៈពេលចុងសប្តាហ៍ធម្មតាមុនពេលកូវីដ-១៩ (ក្នុងរង្វង់ជាមធ្យមជាង២៥ម៉ឺននាក់នាចុងសប្តាហ៍) គឺមានការថយចុះប្រមាណ១៥%ប៉ុណ្ណោះ បើប្រៀបធៀបចុងសប្តាហ៍មុនពេលកូវីដ។

លោករដ្ឋមន្ត្រីបានបន្តថា ជាមួយការកំរើកនៃការកើនឡើងនៃអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងទេសចរណ៍ក៏បានរួសរាន់ចេញសេចក្តីណែនាំឱ្យមន្ទីរទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ពង្រឹងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ការគ្រប់គ្រងចរន្តភ្ញៀវនៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មនានា ពិសេសនៅតាមមណ្ឌលកម្សាន្តទេសចរណ៍ (KTV) ព្រមជាមួយការជម្រុញការចាក់វ៉ាក់សាំងដូសជំរុញឲ្យដល់គ្រប់បុគ្គលិកបម្រើការទាំងអស់ផងដែរ៕