(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែករង្វាន់ជូនសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A និងនិទ្ទេសផ្សេងទៀត នៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យខ្នារពោធិ៍ ដោយមានការចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ លោកនាយកវិទ្យាល័យខ្នារពោធិ៍ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងបេក្ខជនជ័យលាភីប្រឡងជាប់យ៉ាងច្រើនកុះករ។

លោក គឿន ឈឹង សមាជិកក្រុមប្រឹក្សាឃុំខ្នារពោធិ៍បានឲ្យដឹងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ក្នុងឃុំខ្នារពោធិ៍ មានសិស្សប្រឡងជាប់សរុប ៥២នាក់ ក្នុងនោះស្រី ៤០នាក់ លើបេក្ខជនមកប្រឡងសរុប ៦៤នាក់ ស្រី ៤៩នាក់។ សម្រាប់ឆ្នាំសិក្សា២០២១ នេះ លទ្ធផលនិទ្ទេសA ចំនួន ១នាក់ ស្រី ១នាក់ និទ្ទេស C ចំនួន ៧នាក់ ស្រី ៧នាក់, និទ្ទេស D ចំនួន ៣០នាក់ ស្រី ២៣នាក់ និទ្ទេសE ចំនួន ១៥នាក់ ស្រី ៩នាក់ និងនិទ្ទេសF ចំនួន ១២នាក់ ស្រី ៩នាក់។

លោកបណ្ឌិត សឹង សំណាង បានចូលរួមអបអរសាទរដល់សិស្សានុសិស្សដែលបានប្រលងជាប់ទាំងអស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនសិស្ស ដែលនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អជាទំពាំងស្នងឬស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិ។

ក្នុងឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានរំលឹកពីប្រវត្តិសាស្ត្រនៃការរំដោះជាតិ ឱ្យរួចផុតពីទុក្ខវេទនា និងការកាប់សម្លាប់របស់ពួកខ្មែរក្រហម រហូតទទួលបានជោគជ័យទាំងស្រុងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋពេញផ្ទៃប្រទេស ឱ្យមានប្រព័ន្ធភាពសុាំគ្រប់ៗគ្នា និងបានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។ តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការ «៣ការពារ ៣កុំ» និងចូលរួមធ្វើជាយុវជនបន្តវេន សិស្សល្អ កូនល្អ មិនប្រព្រឹត្តអំពើអបាយមុខ និងចូលរួមជួយការងារសង្គមក្នុងសហគមន៍ឲ្យបានសកម្មដើម្បីកែប្រែមុខមាត់សហគមន៍។

ជាការលើកទឹកចិត្តជូនដល់ក្មួយៗសិស្សានុសិស្សប្រឡងជាប់ លោកបណ្ឌិត សឹង សំណាង បានផ្តល់ជូនថវិកាដល់សិស្សដែលបានប្រឡងជាប់គ្រប់និទ្ទេស ចំនួន ៥២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល។

ដោយឡែកសម្រាប់លោកគ្រូ អ្នកគ្រូ ចំនួន ១៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ក្រុមប្រឹក្សាភូមិឃុំ ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល និងក្រុមប្រជាការពារចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។

លោកបណ្ឌិត សឹង សំណាង បានប្រគល់ជូនក្មួយស្រីប្រឡងជាប់និទ្ទេស A កុំព្យូទ័រយួរដៃចំនួន ១គ្រឿង ដែលជាការឧបត្ថម្ភតាមរយៈលោក គុជ ស៊ីនិត អនុប្រធានក្រុមការងារចុះជូយមូលដ្ឋានស្រុកសូទ្រនិគម និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍៕