(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូត្រឡប់ពីប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុខសុវត្ថិភាព ដោយបាននាំមកជាមួយនូវមោទនភាពយ៉ាងក្រៃលែងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញពីប្រទេសកម្ពុជា ដើម្បីទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ។

ដំណើរអញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូង លើកទី៨ បន្ទាប់ពីកម្ពុជា និងកូរ៉េខាងត្បូងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការកាលពីឆ្នាំ១៩៩៧នេះ ក្រៅតែពីការបំពេញទស្សនកិច្ចហើយនោះ សម្តេចតេជោ បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ជាមួយលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រីបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសាកលលោក (UPF)។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលរៀបចំដោយអង្គការ UPF ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ និងអ្នកជំនាញមកពីជាង ១០០ ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យមានសន្ធិសញ្ញាសន្តិភាព អចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងការកសាងភាពជាដៃគូផ្តោតលើប្រជាជន ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរប្រកបដោយដោយសន្តិភាព។

សម្តេចតេជោបានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការស្វែងរកសន្តិភាព ការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយសង្កត់ធ្ងន់ថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបានទេ ដូច្នេះ សម្តេចបានបញ្ជាក់សាជាថ្មីអំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធី និងការចរចាឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាម។

បន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយ នៅថ្ងៃទី១៣ កុម្ភៈ កិច្ចប្រជុំកំពូលបានអនុម័តជាឯកច្ឆ័ន្ទលើឯកសារជាលទ្ធផលចំនួនពីរគឺ «សេចក្តីសម្រេចចិត្តទីក្រុងសេអ៊ូលឆ្នាំ ២០២២៖ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីស្តីពី «រដ្ឋពីរឆ្ពោះទៅកាន់ប្រជាជាតិមួយ៖ ឧបទ្វីបមួយ ប្រជាជនមួយ វប្បធម៌មួយ»

ក្រៅពីការធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលពិភពលោកស្តីពីសន្តិភាពនេះ នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារផងដែរជាមួយលោក មូន ចេអ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង, លោក ផាក ប្យុងស៊ុក ប្រធានសភា, លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រីបណ្ឌិត ហាក់ចា ហាន់មូន សហស្ថាបនិកអង្គការ UPF ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ នៅក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ផងដែរ។

ការប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ជូនសម្តេចតេជោ ហ៊ុន សែន គឺជាព្រឹត្តិការណ៍មហាកិត្តិយសជាប្រវត្តិសាស្រ្តចំពោះប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលជាពានរង្វាន់អន្តរជាតិសម្រាប់បុគ្គលដែលបានធ្វើពលិកម្មអាយុជីវិតដើម្បីបុព្វហេតុសន្តិភាព និងបានបំផុសគំនិតមនុស្សជាតិឱ្យស្វែងរកសន្តិភាពពិភពលោក។

គណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់បានទទួលស្គាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងអស់មួយជីវិត និងសមិទ្ធផល ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល ដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍ និងការបង្កើតសន្តិភាពពេញលេញនៅកម្ពុជា។ ពានរង្វាន់ដ៏ឧត្តុងឧត្តមនេះ ក៏បានទទួលស្គាល់ពីការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោក្នុងនាមជានាយករដ្ឋមន្រ្តី ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាទាំងមូល ក៏ដូចជាការរួមចំណែកដល់សន្តិភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងពិភពលោក។

ក្នុងពិធីប្រគល់ពានរង្វាន់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ មិនមែនបានមកដោយសារតែការលះបង់របស់សម្តេចតែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារអ្នកគាំទ្រសម្តេចតេជោក្នុងកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជមាតាជាតិខ្មែរ សម្តេចព្រះបរមនាថ និង ព្រះករុណាព្រះបាទនរោត្តម សីហមុនី ដែលបានបំពេញព្រះតួនាទីលើកកម្ពស់ស្មារតីឯកភាពជាតិដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យក្លាយជាមហាគ្រួសារ។ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិ ក្នុងការគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ «នយោបាយឈ្នះ-ឈ្នះ» ដែលបានបង្កើតបរិយាកាសអំណោយផលសម្រាប់សន្តិភាពជានិច្ចនិរន្តនៅកម្ពុជា។

ក្នុងពិធីប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវភាពក្តុកក្តួលរហូតស្រក់ទឹកភ្នែកពេលរំលឹកដល់ដំណើរជីវិតដ៏ជូរចត់ព្រាត់ប្រពន្ធ ព្រាត់កូន ជូបកូន កូនមិនស្គាល់ឪពុក ក្នុងបុព្វហេតុជាតិមាតុភូមិដែលជួបវិបត្តិសង្គ្រាមស៊ីវិល។

លើវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តល់តម្លៃយ៉ាងជ្រាលជ្រៅសម្រាប់សុខសន្តិភាព។ សម្តេចតេជោ បានលើកឡើងថា គ្មានសន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។

បើតាមលោក សួស យ៉ារ៉ា សមាជិកសភាកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនោះ បានថ្លែងថា សុន្ទរកថារបស់សម្តេចតេជោលើវេទិកាទទួលបានពានរង្វាន់នេះ មិនត្រឹមតែធ្វើឱ្យរំជួលចិត្តត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យអ្នកចូលរួមក្នុងកម្មវិធីនោះរំជើបរំជួលចិត្តជាខ្លាំងផងដែរ។

លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី៥០ របស់សហរដ្ឋអាមេរិក (ឆ្នាំ១៩៩៥ ដល់១៩៩៩) បានកោតសរសើរ និងហៅសម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកស្នេហាជាតិដែលបាននាំប្រទេសកម្ពុជា ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។

លោក Newton Leroy Gingrich បានលើកឡើងដូច្នេះថា៖ «អ្នកបានឮពីអ្នកស្នេហាជាតិមួយរូបគឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់ពីសង្គ្រាមស៊ីវិលដ៏អាក្រក់»

អតីតប្រធានសភាតំណាងរាស្ត្រទី៥០ របស់អាមេរិករូបនេះ បានបន្តថា៖ «ប្រសិនបើអ្នកមើលបទបង្ហាញ និងសន្ទរកថានៅថ្ងៃនេះ យើងទាំងអស់គ្នាអាចរៀនមេរៀន ដើម្បីបង្កើតអនាគតមួយកាន់តែប្រសើរ ដើម្បីទទួលស្គាល់ថា យើងគឺជាគ្រួសារមនុស្សតែមួយ នៅក្រោមព្រះ។ សន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅពេលគាត់ហាក់ដូចជាអស់សង្ឃឹម»

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន លើទឹកដីកូរ៉េខាងត្បូងនាពេលនេះ បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ជាពិសេសសម្តេចតេជោផ្ទាល់តែម្តង ក្នុងការស្វះស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ តំបន់ និងលើពិភពលោក តាមរយៈការធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។ ទាំងវត្តមានក្នុងកិច្ចប្រជុំស្តីពីការរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ និងការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ របស់សម្តេចតេជោ គឺបាននាំមកនូវមោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលជាជាតិសាសន៍ធ្លាប់រងនូវភាពវេទនាកាលពីអតីតកាលព្រោះតែសង្គ្រាម។

ថ្នាក់ដឹកនាំជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិត និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានសម្តែងនូវក្តីអំណរសាទរ និងរីករាយយ៉ាងក្រៃលែងចំពោះកិត្តិយសដែលសម្តេចតេជោ បានទទួល និងបាននាំមកជូនជាតិកម្ពុជា។ ពួកគេបានចាត់ទុកកិត្តិយសដែលសម្តេចតេជោទទួលបាននាពេលនេះ គឺស័ក្តិសមបំផុតចំពោះកិច្ចប្រឹងប្រែង និងការលះបង់ដ៏មហិមារបស់សម្តេចសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕