(ភ្នំពេញ)៖ នៅក្នុងពេលធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបាននូវភាពរាក់ទាក់ និងរីករាយសិទ្ធិស្នាលជាមួយប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយជួបសំណេះសំណាលជាមួយបងប្អូន ដែលកំពុងជិះរថភ្លើងជាមួយសម្តេច ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ 

សម្តេចតេជោបានបញ្ជាក់តាមរយៈ Facebook Page របស់សម្តេចថា រថភ្លើង និងផ្លូវដែកត្រូវបានបំផ្លាញស្ទើរទាំងស្រុង ដោយសារសង្រ្គាមកាលពីជាង៤០ឆ្នាំកន្លងទៅនេះ។ នៅពេលនេះការរៀបចំជួសជុល និងកសាងផ្លូវដែកត្រូវបានរៀបចំឡើងវិញ ដើម្បីជំរុញការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ពីកំពង់ផែក្រុងព្រះសីហនុ និងពីតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានា មកកាន់ទីក្រុងភ្នំពេញ និងពីភ្នំពេញទៅកាន់បណ្តាខេត្តជាច្រើនទៀត ដូចជាពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជាដើម។ ពេលនេះយើងមានជម្រើសធ្វើដំណើរតាមរថភ្លើង ឡើងវិញហើយ!។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ទៀតថា «ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ពាណិជ្ជករ ជ្រើសរើសការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ តាមមធ្យោបាយផ្លូវដែក ដែលចំណាយថវិកាតិច ហើយមានសុវត្ថិភាព និងប្រសិទ្ឋិភាពខ្ពស់។ ដោយសារប្រទេសជាតិ មានសុខសន្តិភាពទើបរាជរដ្ឋាភិបាល មានឱកាសកសាងផ្លូវគមនាគមន៌ ដឹកជញ្ជូនគ្រប់បែបយ៉ាង ដើម្បីសម្រួលនិងបម្រើផលប្រយោជន៌ ជូនប្រជាពលរដ្ឋ ក៏ដូចជាពាណិជ្ជករជាតិ និងអន្តរជាតិកាន់តែទូលំទូលាយ»។

សម្តេចបានសង្កត់ធ្ងន់ថា «ផឹកទឹកនឹកដល់ប្រភពទឹក ហូបផ្លែឈើនឹកដល់អ្នកដាំ។ ទូលបង្គំយើងខ្ញុំសុំអរព្រះគុណព្រះបិតាជាតិខ្មែរសម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានដឹកនាំ កសាងផ្លូវរថភ្លើងនេះក្នុងសម័យសង្គមរាស្ត្រនិយម នាទសវត្ស១៩៦០ ដែលបន្សល់ទុកឱ្យកូនចៅបានប្រើប្រាស់រហូតដល់សព្វថ្ងៃ»។

សូមជំរាបថា នៅវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ៕ (សូមទស្សនាវិដេអូ)៖