(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់រថយន្តហ៉ីយ៉ាន់ដាយ ២៥កៅអីមួយគ្រឿង ថវិកា ៣០លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់កងទ័ពនៅកងពលធំអន្តរាគមន៍លេខ២ ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព។

រថយន្ត ថវិកា និងគ្រឿងឧបភោគបរិភោគ ត្រូវបានតំណាងឱ្យអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រី អ្នកឧកញ៉ា គៀន ស្រីនាង យកទៅប្រគល់ជូនកងទ័ពនៅកងពលធំអន្តរាគមន៍លេខ២ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោក ឃៀង សុជីវ័ន្ត ក្ដែលជាតំណាងអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានពាំនាំការផ្ដាំផ្ញើសាកសួរ សុខទុក្ខ និងក្ដីនឹករលឹករបស់ អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់កងទ័ពទាំងអស់នៅកងពលអន្តរាគមន៍លេខ២។

លោក ឃៀង សុជីវ័ន្ត ក៏បានលើកយកនូវប្រសាសន៍អ្នកឧកញ៉ា ទ្រី ភាព ដែលបានកោតសរសើរ និងថ្លែងអំណរគុណចំពោះលទ្ធផលការងារជាច្រើន ដែលកងពលធំអន្តរាគមន៍លេខ២សម្រេចបាន ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលបានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជូនកងទ័ពនៅកងពលធំអន្តរាគមន៍លេខ២នាព្រឹកមិញនេះរួមមាន៖ រថយន្ត Hyundai ២៥ កៅអីមួយគ្រឿង, អង្ករ ៥០តោន, មីកញ្ចប់ ៤០០កេសតូច, ត្រីខកំប៉ុង ៤០០យួរ និងថវិកាចំនួន ៣០.០០០.០០០រៀល៕