(សេអ៊ូល)៖ នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយ នៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និង មហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីកូរ៉េខាងត្បូង បានលើកស្ទួយ និងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាព មិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូលផងដែរ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ គឺជាកិត្តិយស និងមោទនភាពនៃកម្ពុជាទាំងមូល៕