(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ រួមជាមួយអស់លោក លោកស្រីអនុប្រធាន និង លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារយុវជនស្រុក ឃុំ សកម្មជនយុវជនភូមិ បានយកស៉ីម៉ង់ត៍ចំនួន១០តោន ប្រគេនដល់លោកគ្រូព្រះចៅអធិការវត្ត និងគណៈកម្មការ អាចារ្យវត្តឈើទាលជ្រុំ ហៅវត្តកូនត្មាត ស្តិតនៅភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដើម្បីសាងសង់ ខ្លោងទ្វារ និង របងជុំវិញបរិវេណវត្ត។

ស្ថិតក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តមានប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិក្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរជាកូនកសិករ តែងតែនៅរួមសុខរួមទុក្ខនៅជាមួយបងប្អូនប្រជាពលរដ្ឋ។

លោកបានលើកឡើងថា សម្តេចតេជោបានលះបង់កម្លាំងកាយ ចិត្តបញ្ញា សាច់ឈាម និងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីការកាប់សម្លាប់របប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ជាក់ស្តែងនេះ សម្តេចតេជោបានជួយអាយុជីវិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចាកផុតពីការយារយី ជម្ងឺដ៏កាចសាហាវកូវិដ១៩៕