(សេអ៊ូល, កូរ៉េខាងត្បូង)៖ កិច្ចប្រជុំសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសាកលលោក (UPF) ដើម្បីរកសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ដែលបានធ្វើឡើងរយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២នេះ ក៏បានឈានដល់ការដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងដំណើរស្វែងរកសុខសន្តិភាពនៅឧបទ្វីបកូរ៉េផងដែរ។

សម្តេចតេជោ ហ៊ុន សែន, លោកស្រី ហាក់ ចា ហាន មូន ស្ថាបនិកសហព័ន្ធសន្តិភាពសាកលលោក និងលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជាសហប្រធាននៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើសេចក្តីថ្លែងការណ៍រួមនេះផងដែរ។

កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្តីពីការស្វែងរកសុខសន្តិភាពនៅឧបទ្វីបកូរ៉េរយៈពេល៣ថ្ងៃនេះ បានពិភាក្សា និងប្រមូលនូវទស្សនទានជាច្រើនពីមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេស១៥៧លើពិភពលោក។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រឹងប្រែងមួយរបស់ពិភពលោក ដើម្បីស្វែងរកការបញ្ចប់ជម្លោះ ការបែកបាក់នៅឧបទ្វីបកូរ៉េ ដែលមានរយៈពេល៧២ឆ្នាំមកហើយ។

ឆ្លងតាមកិច្ចពិភាក្សាដ៏ស៊ីជម្រៅប្រមុខរដ្ឋ រដ្ឋាភិបាលបច្ចុប្បន្ន និងជាអតីតប្រមុខរដ្ឋ រដ្ឋាភិបាល សមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមគ្នាចំនួន ១១ចំណុចដូចខាងក្រោម៖

១៖ ជំរុញប្រទេសកូរ៉េទាំងពីរ និងសហគមន៍អន្តរជាតិ ឱ្យស្វែងរកយន្តការការទូតទ្វេភាគី និងពហុភាគី ដើម្បីជៀសវាងជម្លោះយោធា ពង្រឹងស្ថិរភាព និងភាពអាចព្យាករណ៍បាន ព្រមទាំងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងឱ្យបានសម្រេចនូវសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយគ្មាននុយក្លេអ៊ែរ និងសន្តិភាពពេញលេញ។

២៖ អំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តជជែកពិភាក្សាគ្នាក្នុងន័យស្ថាបនា ដោយគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់ផលប្រយោជន៍ផ្នែកសន្តិសុខ និងកង្វល់របស់គ្នាទៅវិញទៅមក ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌រួមរបស់កូរ៉េទាំងពីរ។

៣៖ លើកកម្ពស់វិធានការកសាងទំនុកចិត្ត កម្មវិធីកសាងទំនុកចិត្ត និងការការពារការទូតដែលពាក់ព័ន្ធនឹងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើបញ្ហាឧបទ្វីបកូរ៉េ។

៤៖ អំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ បញ្ចប់ជាផ្លូវការនូវ «ផ្នត់គំនិតសង្គ្រាម» និងធ្វើការរួមគ្នា ដើម្បីគាំទ្រការអំពាវនាវរបស់ប្រធានាធិបតី មូន ចេអ៉ីន ដើម្បីបញ្ចប់សង្គ្រាមកូរ៉េ សំដៅបើកទំព័រថ្មីសម្រាប់វប្បធម៌សន្តិភាព និងគ្មានអំពើហិង្សា។

៥៖ លើកសំណើ និងវេទិកា សម្រាប់ការសន្ទនា និងការពិគ្រោះយោបល់បែបស្ថាបនា ដោយផ្អែកលើស្មារតីនៃមិត្តភាព និងភាតរភាព ដែលបម្រើឱ្យផលប្រយោជន៍របស់ប្រជាជនកូរ៉េ និងកសាងមាគ៌ាឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។

៦៖ រិះរកមធ្យោបាយដើម្បីប្រែក្លាយតំបន់គ្មានគ្មានយោធា (DMZ) ទៅជាឧទ្យានសន្តិភាព តាមរយៈការដាក់ពង្រាយអ្នកយាមដែលមិនមែនជាកងទ័ព និងការអភិវឌ្ឍរបៀងវប្បធម៌ និងគម្រោងទេសចរណ៍រួមគ្នា ដើម្បីលើកកម្ពស់វិបុលភាពរួមនៅកូរ៉េទាំងពីរ។

៧៖ លើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យបង្កើតគម្រោងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កីឡា វប្បធម៌ និងការអប់រំនៅកូរ៉េខាងជើង និងបណ្តាប្រទេសផ្សេងទៀត។

៨៖ បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងសុខភាពសាធារណៈ ជាពិសេសរវាងឧបទ្វីបកូរ៉េ និងតំបន់ទន្លេមេគង្គ និងបណ្តាប្រទេសផ្សេងទៀត តាមរយៈគម្រោងឧទ្យានសន្តិភាពមេគង្គ។

៩៖ ធ្វើកិច្ចការឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដើម្បីអនុញ្ញាតឱ្យប្រជាជនទទួលបាននូវផលប្រយោជន៍ជាអតិបរមា ពីសក្តានុពលមិនអាចកាត់ថ្លៃបាន ដែលរដ្ឋទាំងពីរត្រូវផ្តល់ជូន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ មនុស្សធម៌ ការថែទាំសុខភាព ការអប់រំ សង្គម (យុវជន និងកីឡា) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

១០៖ ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគីលើការតភ្ជាប់វប្បធម៌ និងឧស្សាហកម្មឌីជីថល និងនវានុវត្តន៍ ដើម្បីប្រើប្រាស់តួនាទីសំខាន់របស់សហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាប និងវិបុលភាពនៅឧបទ្វីបកូរ៉េ។

១១៖ លើកទឹកចិត្តឱ្យសហគមន៍អន្តរជាតិគាំទ្រគោលការណ៍មិនអត់ឱនដាច់ខាតចំពោះសង្គ្រាម ការធានាសន្តិសុខទៅវិញទៅមក និងវិបុលភាពរួម និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកដំណោះស្រាយសន្តិភាព និងវប្បធម៌ថ្មីនៃការផ្សះផ្សារនៅឧបទ្វីបកូរ៉េ៕