(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅក្នុងមហាសន្និបាតស្តីពីសន្តិភាពឧបទ្វីកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្ពាធតែម្យ៉ាង មិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅឱ្យមានប្រសិទ្ធភាព ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញជាច្រើនទសវត្សរ៍របស់ឧបទ្វីបកូរ៉េបាននោះឡើយ។

ការលើកឡើងរបស់សម្តេចតេជោម្ចាស់ពានសន្តិភាពស៊ុនហាក់ បានធ្វើឡើងតាមសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងមហាសន្និបាតនេះ មានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស និងអង្គការធំជាច្រើនឡើងចែករំលែកទស្សនៈទាន ដើម្បីជាវិភាគទានក្នុងការរកដំណោះស្រាយលើជម្លោះរបស់ឧបទ្វីបកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានទាញចំណាប់អារម្មណ៍របស់មហាសន្និបាតថា ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េនៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ដ្រមុនៗមិនទទួលបានជោគជ័យ ដែលទាមទារឱ្យមានភាពក្លាហាន ហើយរិះរកវិធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការបែកបាក់ឧបទ្វីបកូរ៉េ គឺជាកេរដំណែលនៃសង្គ្រាមត្រជាក់ ហើយប្រជាជនកូរ៉េ គឺជាជនរងគ្រោះនៃនយោបាយមហាអំណាច។ ជាអកុសល មហាអំណាច គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់ឧបទ្វីបកូរ៉េ ជាតំបន់ទ្រនាប់ ក្នុងការប្រកួតប្រជែង និងការព្យាករអំណាចរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន បានទាមទារឱ្យមានការពិចារណាលើបញ្ហា៣ចំណុច ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ បញ្ហាទាំង៣ដែលត្រូវពិចារណានោះរួមមាន៖

ទី១៖ ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ឆ្នាំមកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតណាស់ដំណើរការផ្សះផ្សាបន្តិចម្ដងៗ។ ដូចគ្នានេះដែរ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរនឹងត្រូវធ្វើឡើងនាដំណាក់កាល។ ដូច្នេះ ការអត់ធ្មត់ជាយុទ្ធសាស្ត្រ គឺមានសារសំខាន់បំផុត។

ទី២៖ សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាពនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ ។ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ។ ការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់តែខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្តនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ។

ទី៣៖ ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្តែងជាប្រចាំពីអ្នកចរចាសន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់, មិនមានភាព-ចម្រូងចម្រាស, មិនសូវរសើប និងជាក់ស្តែង។

នៅក្នុងសុន្ទរកថាគន្លឹះ ដើម្បីរួមវិភាគទានដល់ការដោះស្រាយជម្លោះឧបទ្វីកូរ៉េនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើនូវគំនិតផ្ដួចផ្តើម «រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» សម្រាប់ជាទស្សនទានមួយឆ្ពោះទៅការបញ្ចប់សង្គ្រាម ឬភាពតាន់តឹងនៅឧបទ្វីបកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្តល់នូវធាតុផ្សំក្នុងគំនិតផ្ដួចផ្តើម «រដ្ឋពីរឆ្ពោះទៅជាតិតែមួយ៖ ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» ដើម្បីជាឯកសារទស្សនទាន នៅក្នុងសកម្មភាពជាក់ស្តែង អាចសម្រេចបាន និងជាក់លាក់។ សម្តេចតេជោ បានសង្កត់ថា ជំនឿទុកចិត្តអាចកសាងបានដោយផ្អែកលើសកម្មភាព មិនមែនការសន្យាខ្យល់នោះទេ៕