(តាកែវ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានជំរុញណែនាំឲ្យយុវជនបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផល ដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ព្រមទាំងកសាង និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបន្សល់ទុកឱ្យយុវជនបន្តវេនជំនាន់ក្រោយៗទៀត។

ការជំរុញរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារ យុវជនគណបក្សខេត្តតាកែវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ លោកបានណែនាំឲ្យយុវជនបក្ស សូមបន្តធ្វើការលើកកម្ពស់សមត្ថភាព ប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ក្នុងឱកាសនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា មានវ័យជាង៧០ឆ្នាំហើយ ព្រមទាំងបានបំពេញភារកិច្ចប្រកបដោយគុណប្រយោជន៍ឧត្តុង្គឧត្តមជូនជាតិ និងប្រជាជនកម្ពុជា រួមមានជាអាទិ៍ ប្រយុទ្ធប្រឆាំងអំពើឈ្លានពានពីបរទេស, ការសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ប៉ុលពត, ការដាក់ចេញនូវបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ដោយបាននាំមកនូវសន្តិភាពពេញ បរិបូរណ៍នៅទូទាំងប្រទេស ដែលមិនធ្លាប់កើតមានឡើយ ក្នុងប្រវត្តិសាស្ត្រកម្ពុជានារយៈពេលជាង៥០០ឆ្នាំចុងក្រោយនេះ ហើយថ្មីនេះ សម្តេចតេជោ ក្នុងនាមជាប្រមុខដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ក៏បានសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកំណាចកូវីដ-១៩ យ៉ាងជាក់ស្តែងពិតប្រាកដប្រកបដោយយុទ្ធសាស្ត្រ និងការទទួលខុសត្រូវ ដោយបានសម្រេចធ្វើការស្រោចស្រពវ៉ាក់ការពារ ជូនប្រជាជនយ៉ាងឆាប់រហ័សទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

លោកបន្តថា ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី តម្កល់ការសង្រ្គោះជីវិតប្រជាពលរដ្ឋ ជាកត្តាអាទិភាពចាំបាច់ខ្ពស់បំផុត ដែលនេះ គឺជាសច្ចធម៌ពុំអាចប្រកែកបាន និងជាគុណូបការៈដ៏ធំធេងប្រកប ដោយភាពជាអ្នកដឹកនាំគំរូ មានបទពិសោធន៍ជាក់ស្តែង ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅកាន់វឌ្ឍនភាព សុខសន្តិភាព ភាពសម្បូណ៌សប្បាយ ប្រកបដោយកិត្តិយស និងសុភមង្គល។

លោកបន្ថែមថា នៅពេលប្រជាជនជួបទុក្ខលំបាក សម្តេចតេជោ តែងតែរត់រកប្រជាជន ដើម្បីដឹកនាំការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យឆ្លងផុតពីការលំបាកទាំងឡាយ ដោយដាច់ខាតមិនដែលបានរត់ចោលប្រជាពលរដ្ឋឡើយ៕