(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ម៉ៃ ផេន អតីតអនុប្រធានាធិបតីអាមេរិក បានឆ្លៀតជជែកគ្នា ក្នុងពេលអញ្ជើញចូលរួមមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) ស្តីពី «សន្តិភាពនៅឧបទ្វីបកូរ៉េ» និងមហាសន្នបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសិល្បៈសកល ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។

លោក អនឃន សំអូន អ្នកយកព័ត៌មានទូរទស្សន៍ជាតិ ដែលជាតាមយកព័ត៌មានរបស់សម្តេចតេជោរាល់ពេលមានដំណើរទស្សនកិច្ចនៅក្រៅប្រទេសនោះ បានឱ្យ Fresh News ដឹងថា ជំនួបជជែកដែលប្រកបដោយការយកចិត្តទុកដាក់នេះ បានកើតមានឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ថ្លែងនូវសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ក្នុងសុន្ទរកថា លោក ដូណាល់ ត្រាំ បានបង្ហាញពីកិច្ចខិតខំរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារបស់ឧបទ្វីបកូរ៉េ រហូតលោកក្លាយជាមេដឹកនាំដំបូងគេរបស់អាមេរិក ដែលបានជួបចរចាជាមួយប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី និងវៀតណាម កាលពីឆ្នាំ២០១៩។

មិនមាននរណាដឹងថា សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ៃ ផេន បានជជែក ឬបង្ហាញទស្សនៈអ្វីនោះឡើយ លើសុន្ទរកថារបស់លោក ដូណាល់ ត្រាំ។ តែគេសន្និដ្ឋានថា សម្តេចតេជោ ប្រហែលជាប្រាប់លោក ម៉ៃ ផេន ថា ប្រសិនបើលោក ដូណាល់ ត្រាំ បន្តកាន់តំណែងប្រហែលជាស្ថានភាពឧបទ្វីបកូរ៉េធូរស្រាល ហើយក៏ប្រហែលមិនមានការសាក់ល្បងអាវុធនុយក្លេអ៊ែរនោះដែរ។

ជាការកត់សម្គាល់ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅប្រទេសកូរ៉េខាងត្បូងនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ៃ ផេន ហាក់បានរំលេចនូវរូបភាពស្និទ្ធស្នាលច្រើន ខណៈសម្តេច និងលោក ម៉ៃ ផេន ត្រូវបានគេរៀបចំឱ្យអង្គុយជិតគ្នាលើកៅអីគណៈអធិបតី៕