(ព្រះសីហនុ)៖ នៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ នៅក្រោយសណ្ឋាគារខ្សាច់ស ស្ថិតនៅក្រុម៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យបានបើករថយន្តម៉ាក Prius ពណ៌ស ស្លាកលេខ ភ្នំពេញ 2M-5992 បុកជាមួយរថយន្តជនរងគ្រោះម៉ាក អូឌី ពាក់ស្លាកលេខ ភ្នំពេញ 2AX-1232 ហើយបានបាញ់មកលើជនរងគ្រោះចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ក្នុងរថយន្ត។ បន្ទាប់ពីធ្វើសកម្មភាពហើយនោះ ជនល្មើសបានបោះកាំភ្លើងខ្លីមួយដើម ម៉ាក ZORAKI រួចរត់គេចខ្លួនបាត់។

បច្ចុប្បន្នសពរបស់ជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយកម្លាំងជំនាញអាវុធហត្ថ សហការជាមយយកម្លាំងជំនាញនគរបាល កំពុងធ្វើការស្រាវជ្រាវស្វែងរកជនល្មើស៕