(បន្ទាយមានជ័យ)៖ ពិតជាគួរឱ្យកោតសរសើរ និងស្ញប់ស្ញែងចំពោះបងប្អូនកងទ័ពនៅកងពលតូចថ្មើជើងលេខ៥១ ក្រៅពីកិច្ចការស្នូលក្នុងការការពារជាតិមាតុភូមិហើយនោះ បានឆ្លៀតដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វធាតុបានយ៉ាងច្រើន ដើម្បីទ្រទ្រង់ការហូបចុកនៅក្នុងអង្គភាព ហើយបានយកទៅលក់លើទីផ្សារ ដើម្បីរកថវិកាមកទ្រទ្រង់ជីវភាពគ្រួសារថែមទៀត។

នៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្លែចម្រុះរបស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ត្រូវបានយកដាក់លក់នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ។ បន្លែនេះ ត្រូវបានដាក់លក់ជាប្រចាំនៅផ្សារសហគមន៍នេះ។

ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព ក្រោមការយកចិត្តទុកដាក់របស់ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានជំរុញកងទ័ពនិងគ្រួសារ ដល់បណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត និងដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថាអង្គភាពចំណុះកងពលបានធ្វើការដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់ថ្នាក់លើដាក់ឲ្យ ជាមធ្យមបន្លែចម្រុះ និងត្រីសាច់ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ពគ្រប់គ្រាន់។ បន្លែដែលលើសការផ្គត់ផ្គង់អង្គភាព បាននាំយកទៅលក់នៅទីផ្សារសន្សំថវិកាជួយកសាងអង្គភាព និងការងារមនុស្សធម៌។

ជាការកត់សម្គាល់ ក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ឆ្លងជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ កងពលតូចថ្មើរជើងលេខ៥១ តាមបណ្តាអង្គភាពចំណុះបានប្រមូលផលបន្លែចម្រុះ និងសាច់ផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ៕