(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការពង្រឹងការអនុវត្តនីតិវិធីស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃបត់បែនទន់ភ្លន់ទៅតាមសភាពការណ៍នៃការចម្លងជំងឺកូវីដ-១៩ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាការគ្រប់គ្រងជំងឺកូវីដ-១៩ និងការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចបើកដំណើរការប្រទេសឡើងវិញ ជាមួយនឹងការរៀនរស់នៅជាមួយវីរុសកូវីដ-១៩ ទៅតាមបរិបទនៃ «ការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី» ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ផ្អែកលើស្ថានភាពវិវត្តន៍នៃវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទអូមីក្រុង នៅតាមបណ្តាប្រទេសនៅលើពិភពលោក ព្រះរាជាណាចក្រកម្ពុជា ក៏មានការរកឃើញជាបន្តបន្ទាប់ នូវអ្នកវិជ្ជមានវីរុសអូមីក្រុង ដែលរហូតមកដល់ពេលបច្ចុប្បន្នមិនថា នៅក្នុងប្រទេសកម្ពុជា ឬនៅលើសាកលលោក វីរុសអូទីក្រុងនេះ បានគ្របដណ្តប់លើវីរុសអាល់ហ្វា និងដែលតាស្ទើរតែទាំងអស់ទៅហើយៗការចម្លងនៃវីរុសអូមីក្រុង ក៏មានសភាពលឿនជាងប្រភេទដែលតា ដែលនឹងអាចបង្កឱ្យមានបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរ ប្រសិនបើមិនបានបង្កើនការការពារខ្លួនគ្រប់គ្នាទេនោះ ហើយការចម្លងនឹងអាចទៅហួសបន្ទាត់ក្រហម ដែលអាចនឹងមានការស្លាប់បាត់បង់ជីវិតបាន បើទោះបីជាអ្នកឆ្លងអូមីក្រុងនេះ មានសភាពដូចជាស្រាលជាងដែលតាបន្តិចក៏ ដោយតែការស្លាប់បាត់បង់ជីវិតដោយសារអូមីក្រុងនេះ បានកើតមាននៅតាមបណ្តាប្រទេសនានា នៅលើសាកលលោករួចទៅហើយដែរ។

ដោយសារការកើនឡើងជាបន្តបន្ទាប់ នូវចំនួនអ្នកឆ្លងអូមីក្រុងនៅក្នុងប្រទេសកម្ពុជា ហើយវីរុសអូមីក្រុងនេះ ក៏កំពុងតែចរាចរយ៉ាងសកម្ម នៅក្នុងសហគមន៍យើងផងដែរនោះ ក្រសួងសុខាភិបាលសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួន បានធ្វើតេស្តរហ័សដោយខ្លួនឯងរកឃើញវិជ្ជមានកូវីដ-១៩ និងបានអនុវត្តធ្វើការព្យាបាលនៅតាមផ្ទះ ប្រសិនបើស្រាលៗមិនមានរោគសញ្ញាធ្ងន់ធ្ងរទេនោះ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានការអនុវត្តស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងការណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដែលនីតិវិធីនេះ តម្រូវឱ្យមានវិធានការសុខាភិបាលចាំបាច់ និងលក្ខខណ្ឌមួយចំនួន ដែលត្រូវគោរពប្រតិបត្តិជាប្រចាំមានដូចជា៖

* អ្នកវិជ្ជមានវីរុសកូវីដ-១៩ តម្រូវឱ្យស្នាក់នៅដាច់ដោយឡែកនៅទីតាំង ដែលមានអនាម័យ និងមានចរន្តខ្យល់ចេញ-ចូលល្អដោយបើកបង្អួចបន្ទប់ឱ្យទូលាយ និងត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាននៅតំបន់ ដែលបងប្អូនស្នាក់នៅជាចាំបាច់។

* ត្រូវរក្សាអនាម័យស្អាតផ្ទាល់ខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដោយអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់លាងដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ឱ្យបានលើសពី១ម៉ែត្រកន្លះ) និងកុំប៉ះពាល់ ឬប្រើប្រាស់របស់របរ ឬបន្ទប់ទឹកឡូកឡំជាមួយ សមាជិកគ្រួសារឱ្យសោះដោយត្រូវប្រើប្រាស់សម្ភារៈផ្ទាល់ខ្លួន ដាច់ដោយឡែកជាចាំបាច់ និងមិនត្រូវចេញដើរទៅក្រៅរហេតរហូត ទោះជាក្នុងរយៈពេលខ្លីក៏ដោយ ដើម្បីចៀសវាងការចម្លងបន្តនូវវីរុសកូវីដ-១៩ អូមីក្រុងទៅសមាជិកគ្រួសារ និងទៅអ្នកដទៃ។

* ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យបានហ្មត់ចត់ បើទោះបីជានៅក្នុងអំឡុងពេលព្យាបាល ឬក៏ព្យាបាលជាសះស្បើយហើយក៏ដោយ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូដ-១៩ ទាំងអស់គ្នា។

* ត្រូវប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជាម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីលីក្រាម (Molnupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត២០០មីលីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ ជាប់គ្នាជាបន្តបន្ទាប់។ គួរប្រើឱសថម៉ូលនូពីរ៉ាវា (Molnupiravir) នេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះ ក្នុងអំឡុងពេលមានផ្ទៃពោះ និងលើស្ត្រីបំបៅដោះកូន ព្រមទាំង ហាមប្រើសម្រាប់មនុស្សដែលមានអាយុក្រោម១៨ឆ្នាំ។ ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ពី២-៣លីត្រ ក្នុង១ថ្ងៃ។

បងប្អូនប្រជាពលរដ្ឋ អាចរកទិញឱសថម៉ូលនូពីរ៉ាវា (Molnupiravir) ឬម៉ូលណាទ្រីស (ជាប្រភេទកាប់ស៊ុល ២០០មីលីក្រាម) នៅតាមឱសថស្ថាន ឬឱសថស្ថានរងស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នើបញ្ជាទិញដោយផ្ទាល់នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឬសាខាប្រៃសណីយ៍កម្ពុជានៅតាមបណ្តាខេត្ត។

* អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្រហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្តរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយពីបញ្ចប់ការព្យាបាលនៅផ្ទះ។

* កាកសំណល់របស់អ្នកជំងឺ ត្រូវរក្សាទុកដោយខ្ចប់ឱ្យជិត និងដាក់ដោយឡែក រួចអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ នៅតាមតំបន់ដែលបងប្អូនរស់នៅជាចាំបាច់ ចៀសវាងការចម្លងរោគ។

* សូមពិនិត្យមើលការណែនាំចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បន្ថែមទៀត ដើម្បីឱ្យការអនុវត្តការព្យាបាលនៅតាមផ្ទះ មានភាពសមស្របប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អ្នកជំងឺ និងគ្រួសារអ្នកជំងឺ។ ប្រសិនបើមិនអនុវត្តន៍ទៅតាមការណែនាំក្រើនរំលឹកនេះបានត្រឹមត្រូវ បងប្អូន អាចប្រឈមទៅនឹងការអនុវត្តវិធានការច្បាប់នានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

* អាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធ្វើការតាមដានការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវដ-១៩ នៅតាមផ្ទះ នេះ ឱ្យបានហ្មត់ចត់ និងចាត់វិធានការសមស្របតាមច្បាប់។

* សម្រាប់ការផ្តល់មតិត្រឡប់មកវិញ អំពីការផ្តល់សេវា ឬព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ ឬ ០៧៧ ៨៦៧ ៩៥៧ ឬ ០៩៦ ៤៦៦ ៤៦៤៦ រៀងរាល់ម៉ោងធ្វើការ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ទទួលបានសេចក្តីណែនាំនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យការព្យាបាលនៅតាមផ្ទះបានត្រឹមត្រូវ និងបញ្ចប់ដោយសុវត្ថិភាព ព្រមទាំងចៀសវាងនូវការចម្លងវីរុសកូវីដ-១៩ ទៅសមាជិកគ្រួសារ និងទៅអ្នកដទៃនៅក្នុងសហគមន៍៕