(ស្វាយរៀង)៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស អនុវិទ្យាល័យបាទី និងអនុវិទ្យាល័យប្រាសាទ ក្រុងបាវិត ចំនួន១៩៦នាក់។ ក្នុងនោះក៏មានការចូលរួមពី ក្រុមការងារសង្កាត់បាទី និងសង្កាត់ប្រាសាទ មន្រ្តីរដ្ឋបាលក្រុងបាវិត លោកគ្រូ-អ្នកគ្រូ និងមេភូមិទាំង៧។

ក្នុងនាមលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ បានប្រាប់សិស្សានុសិស្សថា «ការខិតខំប្រឹងប្រែង និងការព្យាយាមជាប្រចាំ គឺជាគន្លឹះឈានឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត»

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ-អ្នកគ្រូ និងបានកើតសរសើរចំពោះលោកគ្រូ-អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃឈរជាសសរទ្រូងយ៉ាងរឹងមាំ និងជាឆ្អឹងខ្នងមួយយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាល និងអប់រំដល់សិស្សានុសិស្សដោយមិនខ្លាចនឿយហត់។

លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យសិស្សានុសិស្សទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមជាប្រចាំ ដើម្បីឈានឆ្ពោះទៅដល់គោលដៅដែលប្រាថ្នា និងទទួលភាពជោគជ័យក្នុងជីវិត។ លោកបានបញ្ជាក់បន្ថែមទៀតថា «ក្នុងនាមយើងជាសិស្ស ត្រូវមានគោលដៅច្បាស់លាស់ ហើយធ្វើការងារអ្វីមួយត្រូវធ្វើឡើងអោយអស់ពីចិត្ត និងមិនត្រូវធ្វើឲ្យរួចផុតតែពីដៃឡើយ។ រយៈពេលក្នុងមួយថ្ងៃគឺខ្លីណាស់ ប៉ុន្តែវាបានផ្តល់នូវសារៈសំខាន់សម្រាប់យើង នៅពេលណាដែលយើងប្រើប្រាស់វាក្នុងការសិក្សារៀនសូត្រ»។

ក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្រ្តី បានប្រគល់ជូននូវកាបូប សម្ភារៈសិក្សា និងថវិកាជូនដល់សិស្សានុសិស្សទាំង ១៩៦នាក់ ដោយក្នុងមួយនាក់ទទួលបានកាបូប សៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ប្រអប់ដាក់សម្ភាៈសិក្សា និងថវិកា១ម៉ឺនរៀល ដែលមានចូលរួមឧបត្ថម្ភពី លោក សាឡា អ៊ីសា៕