(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អូស្មាន ហា ស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ខណ្ឌឬស្សីកែវ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៤៥០នាក់ នៅក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

ក្នុងឱកាសនេះ លោក អូស្មាន ហាស្សាន់ បានសម្តែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី២ និងបានស្នើឲ្យរក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ការកសាងនូវអំពើល្អ តម្កល់ផលប្រយោជន៍ជាតិជាធំ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចរបស់គណបក្ស ដែលសកម្មភាពអស់ទាំងនេះ នឹងនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យលើការបោះឆ្នោតរៀងរហូតមក។

ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងចំនួនសមាជិកបក្ស និងពង្រឹងសកម្មភាពសតិអារម្មរណ៍នយោបាយរបស់សមាជិកបក្ស លោកបានបញ្ជាក់ថា គោលការណ៍រក្សាចាស់ បង្កើនថ្មី និងសមាជិកបក្សមួយរូប គឺជាសម្លេងឆ្នោតគាំទ្ររបស់គណបក្សមួយសន្លឹក គឺត្រូវទាមទារឲ្យក្រុមប្រឹក្សាសង្កាត់របស់យើងអនុវត្តគោលការណ៍នេះឲ្យបានជាប់ជាប្រចាំ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតសកលឆ្នាំ២០២៣ ទទួលបានជ័យជំនះ។

លោក អូស្មាន ហាស្សាន់ ក៏បានជំរុញដល់បេក្ខជនក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែពូកែ មានសមត្ថភាពដឹកនាំ មានភាពម្ចាស់ការ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថា «ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឺងម៉ាត់ និងទទួលបាននូវសេចក្តីទុកចិត្តពីប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សយើងនឹងទទួលបានជោគជ័យ»៕