(ភ្នំពេញ)៖ លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី៥០ របស់សហរដ្ឋអាមេរិក (ឆ្នាំ១៩៩៥ ដល់១៩៩៩) បា នកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថាជាអ្នកស្នេហាជាតិដែលបាននាំប្រទេសកម្ពុជា ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់។

ការកោតសរសើរបស់ អតីតប្រធានសភាអាមេរិកតំណាងរាស្រ្តទី៥០ បានធ្វើឡើង តាមរយៈសុន្ទរកថាមួយ ក្នុងឱកាសពិធីប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមលោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើជូន Fresh News.

លោកបានលើកឡើងដូច្នេះថា៖ «អ្នកបានឮពីអ្នកស្នេហាជាតិមួយរូបគឺ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាននាំប្រទេសគាត់ពីសង្គ្រាមស៊ីវិលដ៏អាក្រក់»

លោកបានបន្តថា៖ «ប្រសិនបើអ្នកមើលបទបង្ហាញ និងសន្ទរកថានៅថ្ងៃនេះ យើងទាំងអស់គ្នាអាចរៀនមេរៀន ដើម្បីបង្កើតអនាគតមួយកាន់តែប្រសើរ ដើម្បីទទួលស្គាល់ថា យើងគឺជាគ្រួសារមនុស្សតែមួយ នៅក្រោមព្រះ។ សន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅពេលគាត់ហាក់ដូចជាអស់សង្ឃឹម»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់ - SUNHAK PEACE PRIZE 2022» ពីអង្គការសន្តិភាពសកល នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុត ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជា «បិតាស្ថាបនិកសន្តិភាព» ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕