(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានមោទនភាព និងក្តីរំភើបក្រៃលែង ហើយបានសម្ដែងនូវអំណរសាទរយ៉ាងក្លៀវក្លាអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២។

ជាសារខ្លីមួយផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ដូច្នេះថា៖ «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់នូវសន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទទួលយកពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ កាលពីព្រឹកម៉ិញនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ធ្វើឱ្យខ្ញុំមានអារម្មណ៍ក្តុកក្តួលផង និងត្រេកអរផង»

លោកអះអាងថា ខណៈដែលសន្តិភាពត្រូវបានគ្របដណ្តប់យ៉ាងពេញលេញនៅទូទាំងផ្ទៃប្រទេសកម្ពុជា វីរភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការស្វែងរកសន្តិភាពជូនប្រទេស និងប្រជាជនកម្ពុជា គឺជាអ្វីដែលកូនខ្មែរគ្រប់រូបត្រូវតែចងចាំ និងកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ។

«ខ្ញុំបាទក្នុងនាមកូនខ្មែរមួយរូប ពិតជាមានមោទនភាព និងក្តីរំភើបក្រៃលែង និងសូមគោរពចូលរួមជាមួយ ប្រជាជនកម្ពុជាជាច្រើនលាននាក់ទៀត ក្នុងការសម្ដែងនូវអំណរសាទរយ៉ាងក្លៀវក្លាអស់ពីដួងចិត្ត នាឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់សាធារណរដ្ឋកូរ៉េ»។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត។

លោកអះអាងបន្ថែមថា ពានរង្វាន់នេះ ពិតជាសក្តិសមឥតខ្ចោះ សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាបិតាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដ និងគ្មានគូប្រៀបរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយជីវិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលះបង់ភាពសប្បាយក្នុងយុវវ័យ ដើម្បីជួយស្រោចស្រង់ប្រជាជនកម្ពុជាចេញរណ្តៅមរណៈ ហើយបាននិងកំពុងលើកស្ទួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ឱ្យស្គាល់នូវពន្លឺសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដដែលគ្មានអ្វីអាចប្រកែកបាន។

លោកបានបន្ថែមទៀតថា លើសពីនេះ ពានរង្វាន់នពេលនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់មួយកម្រិតទៀត នូវការទទួលស្គាល់ពីគុណបំណាច់ដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មិនត្រឹមតែក្នុងបេសកកម្មស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងផងដែរនូវការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ អំពីការចូលរួមវិភាគទានដ៏ថ្លៃថ្លាកាត់ថ្លៃពុំបាន របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការថែរក្សា ពូនជ្រុំសន្តិភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល ហើយដូចដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសកាលពីម្សិលម៉ិញហើយថា ការចូលរួមកសាងសន្តិភាពដូចជានៅឧបទ្វីបកូរ៉េ និងការបញ្ជូនទ័ពមួកខៀវរបស់កម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅប្រទេសផ្សេងៗ បានក្លាយជាផ្នែកមួយនៃនយោបាយការបរទេសរបស់កម្ពុជាយើង។ សមិទ្ធផលថ្ងៃនេះ គឺជាមហាកិត្តិយស និងជាមោទនភាពសម្រាប់កូនខ្មែរគ្រប់រូប និងគ្រប់ៗជំនាន់៕