(បាត់ដំបង)៖ លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ និងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងប្រគល់ម៉ូត ព្រមទាំងចែករង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេស A និង B។

ពិធីនេះបានធ្វើឡើងនៅសាលាស្រុកគាស់ក្រឡ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃក្រុមការងារ និងលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស និងសិស្សានុសិស្សជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនោះ លោក ប៊ុន ហុន បានកោតសរសើរ និងចូលរួមអបអរសាទរដល់សិស្សជាប់និទេស្ស A និង B ព្រមទាំងមាតាបីតាសិស្ស ចំពោះជ័យលាភីដ៏មានគុណតម្លៃនេះ ព្រោះថាបាក់ឌុបនេះហើយ គឺជាគ្រឹះដ៏រឹងមាំយ៉ាងសំខាន់ដែលមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ការសិក្សាបន្តទៅថ្នាក់មហាវិទ្យាល័យទៀត។ ចំណេះដឹងមានតម្លៃណាស់សម្រាប់មនុស្ស និងសង្គមជាតិ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រ លើកតម្កើងនិងលើកទឹកចិត្តជានិច្ចចំពោះយុវជនជំនាន់ក្រោយអោយមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិយើងអោយរីកចម្រើនរុងរឿង។

លោកបានបន្តថា ជាក់ស្តែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលយើង មានមន្រ្តីជាអ្នកមានចំណេះដឹងគ្រប់ប្រភេទមកពីគ្រប់ស្រទាប់វណ្ណៈ ដែលជាកម្លាំងចលករជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

បន្ថែមពីនេះលោក ប៊ុន ហុន បានផ្តាំផ្ញើឱ្យប្អូនៗខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតខ្លួនឯងផង ក្រុមគ្រួសារផង និងប្រទេសជាតិយើងផង ឱ្យស្របតាមពាក្យស្លាកខ្មែរយើងថា យុវជនជាសរសរទ្រូង នៃប្រទេសជាតិ ហើយត្រូវយកចំណេះដឹងដ៏មានតម្លៃនេះទៅប្រាស់ប្រាស់ក្នុងផ្លូវល្អបម្រើសង្គមជាតិ ជៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន។ ចំណេះដឹងត្រូវផ្សារភ្ជាប់ជាមួយគុណធម៌ សីលធម៌ និងសុជីវធម៌ ទើបមានតម្លៃពិតប្រាកដជាពលរដ្ឋល្អ មន្រ្តីល្អ សម្រាប់សង្គមជាតិយើង។

ក្នុងឱកាសនោះដែរ លោក ឡាំ ជា បានបន្ថែមថា ក្នុងនាមលោកជាសាស្រ្តាចារ្យមួយរូប លោកពិតជាមានមោទនភាពណាស់នៅពេលដែលបានឃើញប្អូនៗសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សាបែបនេះ ហើយលោកសូមលើកទឹកចិត្តឱ្យប្អូនៗ ខិតខំបន្តទៀតដើម្បីសម្រេចឱ្យបាននូវគោលដៅអនាគតដែលប្អូនៗប្រាថ្នា។

លោក ឡាំ ជា បានថ្លែងថា បច្ចុប្បន្ននេះ គ្រប់ស្ថាប័នទាំងអស់គេត្រូវការអ្នកចេះដឹង រាល់ការជ្រើសរើសមន្រ្តីក្របខណ្ឌ គឺត្រូវឆ្លងកាត់ការប្រលងប្រកួតប្រជែងប្រកបដោយតម្លាភាពបំផុត បើប្អូនៗមានចំណេះដឹងពិតប្រាកដ នោះប្អូនៗនឹងទទួលជោគជ័យ។ ជាការពិត ប្អូនៗមានសំណាងណាស់ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសសំណាងបានជួបដោយផ្ទាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

លោកបានបន្តថា ដរាបណាមានសម្តេចតេជោ ហ៊ុន សែន នោះប្រទេសជាតិយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរុងរឿង ហើយប្អូនៗជ័យលាភីនិទ្ទេស A និង B នៅតែទទួលបានរង្វាន់លើកទឹកចិត្តជានិច្ច។

សូមបញ្ជាក់ថា ក្នុងស្រុកគាស់ក្រឡទាំងមូល មានសិស្សសរុបចំនួន ១០៦រូប ដែលបានប្រលងជាប់ទុតិយភូមិ ក្នុងនោះ ០១រូបបានជាប់និទ្ទេស A និង ១១រូប ជាប់និទ្ទេស B ហើយនិទ្ទេស A ទទួលបានរង្វាន់ម៉ូតូចំនួន០១គ្រឿង និងនិទ្ទេស B ទទួលបានរង្វាន់លើកទឹកចិត្តជាប្រាក់ចំនួន ២០០,០០០រៀល និងសម្ភារសិក្សាមួយកញ្ចប់ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ៕