(ភ្នំពេញ)៖ អ្នកសារព័ត៌មានទាំងអស់ ដែលមានបំណងចង់ចុះយកព័ត៌មានអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ខាងមុខនេះ ត្រូវមានប័ណ្ណសម្គាល់ខ្លួន ជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប ខណៈដែលស្ថាប័ននេះនឹងចាប់ផ្តើមចុះឈ្មោះ និងរៀបចំកាតសម្រាប់អ្នកសារព័ត៌មានពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១១នេះ គ.ជ.ប បានបញ្ជាក់ថា ដើម្បីទទួលបានប័ណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានដែលផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប។ ជាមួយគ្នានេះដែរ គ.ជ.ប បានឱ្យដឹងថា ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖

* ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន
* លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើប័ណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព
* ច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬប័ណ្ណសម្គាល់ ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
* ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ
* ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស)។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖

*ច្បាប់ចម្លងនៃលិខិតឆ្លងដែន
*ប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព
*ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ។

ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖

*ច្បាប់ចម្លងនៃប័ណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន
*ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើប័ណ្ណ
*អត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣ អត្ថបទ។

ពាក្យសុំ និងបែបបទសម្រាប់សុំប័ណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូននៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) និងអាចទាញពីគេហទំព័រ គ.ជ.ប www.nec.gov.kh/khmer/content/5235 ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នៅពេលបំពេញបែបបទតាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: [email protected](link sends e-mail) ឬ Telegram (០៩៣ ៨០២ ៧៣៤)។

កាលបរិច្ឆេទនៃការចែកពាក្យ និងទទួលពាក្យ៖

*អ្នកសារព័ត៌មានជាតិ៖ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២
*អ្នកសារព័ត៌មានអន្តរជាតិ៖ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២៕