(ភ្នំពេញ)៖ កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ (CNRP) បានថ្វាយលិខិតមួយច្បាប់ទៅ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដោយទូលថ្វាយអំពីស្ថានការណ៍នយោបាយនៅកម្ពុជា។ ក្នុងលិខិតនេះ ក្រុមអ្នកតំណាងរាស្រ្ត បានព្រះរាជានុញ្ញាតសូមព្រះមហាក្សត្រ ចេញព្រះរាជអន្តរាគមន៍​ដល់ស្ថានការណ៍​នយោ បាយនៅកម្ពុជា ដែលអ្នកតំណាងរាស្រ្ត បក្សសង្រ្គោះជាតិថា កំពុងហក់ឡើងកម្តៅ។

អតីតមន្រ្តីជាន់ខ្ពស់គណបក្សសមរង្ស៊ី លោក ង៉ោ សុវណ្ណ បានហៅលិខិតនេះថា ជាការចោទប្រកាន់ មួលបង្កាច់​ដោយខ្វះការទទួលខុសត្រូវ របស់ក្រុមអ្នកតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ទៅលើរាជរដ្ឋាភិបាលកម្ពុជា។

លោក ង៉ោ សុវណ្ណ បានបន្តថា កម្ពុជានាពេលបច្ចុប្បន្ន មិនមានក្រុមឧទ្ទាមក្រៅច្បាប់ទេ ហើយជនកម្ពុជាគ្រប់រូបត្រូវស្មើភាពគ្នាចំពោះមុខច្បាប់។ ដើម្បីនឹងការបញ្ជាក់​ដូចខាងលើ លោក ង៉ោ សុវណ្ណ ក៏បានចោទសួរចំនួន ៧សំណួរផងដែរ ទៅកាន់តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ ទៅលើលិខិតថ្វាយ​ព្រះមហាក្សត្រនេះ។

ខាងក្រោមនេះ គឺជាសំណួរ ដែលបានលើកឡើងដោយលោក ង៉ោ សុវណ្ណ៖

១. តើការចាប់ខ្លួន ការនាំខ្លួន និង ការឃុំខ្លួនណាមួយ ចំពោះអ្នកទាំងនោះ ដែលមិនស្របនីតិវិធី? តើអ្នកទាំងនោះ ពិតជាមិនបានប្រព្រឹត្តអំពើល្មើសច្បាប់?

២. តើមានច្បាប់ណាមួយ ដែលហាមប្រាម រូបវន្តបុគ្គល ឬ នីតិបុគ្គលមិនឲ្យប្តឹង នៅពេលមានការបំពានណាមួយ?

៣. ប្រសិនជាគ្រប់សកម្មជនប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តអំពើល្មើសផ្សេងៗ បង្កជាបញ្ហាប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយជនទាំងនោះ សុទ្ធតែត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ បើអីចឹងចោរលួច ចោរប្លន់ អ្នកដើរវាយគេឯង អ្នកដើរជេរគេឯង...។ ល។ ឲ្យតែជាអ្នកប្រឆាំងសុទ្ធតែត្រូវរួចខ្លួនឬអី?

៤. តើប្រជាធិបតេយ្យរបស់កម្ពុជា ត្រូវតែមានគណបក្សរបស់ពួកលោក ឬ បុគ្គលពួកលោក? ចុះគណបក្សដទៃ និងអ្នកដទៃសុទ្ធតែជាអាចម៍គោ?

៥. តើនីតិរដ្ឋទាល់តែច្បាប់ការពារអំពើល្មើស និង អំពើអនាចាររបស់ពួកលោក?

៦. តើសិទ្ធិមនុស្សនៅកម្ពុជា កំណត់ន័យត្រឹមឲ្យពួកលោកមានសិទ្ធិដាច់បង្ហៀរនៅលើច្បាប់ឫ? បើចង់អីចឹងមែន ម៉េចមិនស្នើដាក់ក្រុមខ្លួន ឲ្យជាក្រុមឧទ្ទាមក្រៅច្បាប់ទៅ?

៧. តើការចាប់ខ្លួន ការនាំខ្លួន ការឃុំខ្លួន និងការប្ដឹងផ្តល់ចំពោះអ្នកទាំងនោះ មិនមែនជាការអនុវត្តគោលការណ៍នីតិរដ្ឋឬ?

អតីតមន្រ្តីជាន់ខ្ពស់គណបក្សសមរង្ស៊ី លោក ង៉ោ សុវណ្ណ