(សៀមរាប)៖ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ផ្តល់ជែលលាងដៃ ដល់មន្ទីរអង្គភាពទាំង៤៦ នៅក្នុងខេត្តសៀមរាប និងក្រុង-ស្រុកទាំង១២ សរុបចំនួន ៥៥៤កេស។ ពិធីនេះបានប្រារព្ធឡើងនៅទីស្នាក់ការ កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប។

ក្នុងពិធីនានៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក នៃមន្ទីរអង្គភាពជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រមកម្ពុជាទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ នៅទូទាំងខេត្តសៀមរាប ។

លោកស្រីបានបន្តទៀតថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលបង្ការជំងឺឆ្លង និងជាពិសេសជម្រុញការចូលរួមចាក់វ៉ាក់សាំងនៅតាមមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្ត បានធ្វើឱ្យប្រជាពលរដ្ឋមានភាពប្រសើរឡើងវិញជាបន្តបន្ទាប់ ។ ដោយអាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងមន្រ្តីរាជការគ្រប់អង្គភាព ជាពិសេសលោក លោកស្រីជាគ្រូពេទ្យទាំងអស់ បានព្រួតដៃគ្នាយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យ៉ាងសកម្មបំផុតរហូតដល់ពេលនេះ ទើបអាចជួបជុំគ្នាបាន ។

លោកស្រី ទាង អៀង ទៀ សីហា ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់ មន្ទីរពេទ្យទាំងអស់ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ហើយក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាវីរជនជួរមុខ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩នៅមូលដ្ឋាននៃខេត្តសៀមរាមនេះផងដែរ៕