(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់តាំងមន្រ្តី ១៤រូប រួមមានចៅក្រម និង ព្រះរាជអាជ្ញារង ដើម្បីរៀបចំសណ្តាប់​ធ្នាប់នៅក្នុង​បរិវេណសាលាដំបូង និងអយ្យការអម​សាលាដំបូង​រាជ​ធានីភ្នំពេញ ឲ្យមានរបៀបរៀបរយល្អ ក្នុងគោលដៅផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើសេវាតុលាការនៅសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាលើក​កម្ពស់​ការទទួលខុសត្រូវរបស់មន្រ្តី និង បុគ្គលិក ដែលកំពុងបម្រើការងារនៅសាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ស្ថាប័នពាក់ព័ន្ធ។

យោងតាមសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដែល Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា សមាសភាពមន្រ្តី​តុលាការទាំង ១៤រូប ដែលរង់ចាំរៀបចំសណ្តាប់ធ្នាប់នេះ រួមមាន៖ លោក កោ វណ្ឌី ប្រធាន, លោក មាស ច័ន្ទពិសិដ្ឋ លោក សៀង សុខ លោក វង្ស ប៊ុនវិសុទ្ធ លោក អ៉ឹម វណ្ណៈ លោក នូ វាសនា លោក ភឹម ភី លោក សួស វិទ្យារ៉ាន់ឌី លោក លិ ចាន់ដារ៉ា លោក ផាន់ រ័ត្នរិត្យា លោក អេង ផានិត លោក ចាយ ច័ន្ទថ្លា និង លោក ដើង ណារិទ្ធ។

ក្រុមការងាររៀបចំសណ្តាប់ធ្នាប់នេះ មានភារកិច្ច រៀបចំទុកដាក់បណ្ឌចូលសម្រាប់សាធារណជន ដែលមកទទួលសេវាតុលាការ, ត្រៀមរៀបចំកន្លែងទុកម៉ាស៊ីនថតរូប អាវុធ គ្រឿងផ្ទុះ ឧបករណ៍ថតចម្លង និងសម្ភារៈផ្សេងៗទៀត ដែលមិនអនុញ្ញាតឲ្យយកចូលក្នុងបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់សាធារណជន ដែលមកប្រើសេវាតុលាការឲ្យបានល្អប្រសើរ និងប្រគល់ឲ្យទៅម្ចាស់​វិញនៅពេល​ចាកចេញពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមការងារ ក៏មានតួនាទីរៀបចំសៀវភៅចុះឈ្មោះ និងចុះឈ្មោះសាធារណជន ដែលមកប្រើសេវាតុលាការ, ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវនូវអត្តសញ្ញាណបណ្ណ ឬ បណ្ណសម្គាល់ខ្លួនផ្សេងៗទៀត របស់សាធារណជន ដែលមកប្រើសេវាតុលាការ និងប្រគល់ឲ្យទៅម្ចាស់វិញ នៅពេលចាកចេញពីសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, ត្រូវផ្តល់ព័ត៌មានបឋមដល់សាធារណជន ដែលមកប្រើសេវាតុលាការ និងត្រូវត្រួតពិនិត្យការប្រើបណ្ណសម្គាល់ខ្លួនរបស់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្ត្រី និងបុគ្គលិកទាំងអស់៕