(កូរ៉េ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ លោក មូន ជេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ជំរុញពន្លឿនដល់ការធ្វើសច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ចូលជាធរមាន។

សំណើរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារជាមួយ លោក មូន ជេអ៉ីន អំឡុងបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េរួចហើយ។ សម្តេចបានស្នើសុំឱ្យភាគីកូរ៉េជួយពន្លឿនការធ្វើសច្ចាបន ដើម្បីឱ្យកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំងពីរចូលជាធរមាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យលោកប្រធានាធិបតីជួយគាំទ្រឧស្សាហកម្ម ប្រទេសកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការកែច្នៃមួយចំនួន ដោយសម្តេចបានគូសបញ្ជាក់អំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់ការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេស។

សម្តេចតេជោ ក៏បានស្នើសុំឱ្យលោកប្រធានាធិបតីកូរ៉េខាងត្បូង អាចគាំទ្រទៅដល់រូបមន្ត១បូក មានន័យថា បើកូរ៉េវិនិយោគនៅវៀតណាម ប្រទេសថៃ ក៏អាចមកបណ្តាក់ទុន ឬបើករោងចក្រនៅកម្ពុជាផងដែរ។ សម្តេចក៏បានស្នើសុំឱ្យកូរ៉េផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាពិសេសផ្នែកកសិឧស្សាហកម្ម និងកែច្នៃផលិតផលជាពិសេសផលិតផលកសិកម្មផ្សេងទៀត ដើម្បីនាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ និងប្រទេសទី៣។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានលើកឡើងអំពីឱកាសល្អសម្រាប់ការវិនិយោគជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ សម្តេចបានស្នើឱ្យលោកប្រធានាធិបតីជំរុញ អ្នកវិនិយោគកូរ៉េ មកកាន់ប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។

ជាការឆ្លើយតប លោកប្រធានាធិបតី មូន ជេអ៉ីន បានលើកឡើងថា ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនេះ គឺកូរ៉េបានបញ្ចប់នីតិវិធីហើយកំពុងបញ្ជូនទៅសភាជាតិរបស់កូរ៉េ ដើម្បីផ្តល់សច្ចាប័ន ដែលសង្ឃឹមថានឹងបញ្ចប់នៅពេលខាងមុខនេះ។

សម្រាប់កិច្ចប្រជុំឆ្នាំ២០២២នេះ លោកបានអបអរសាទរកម្ពុជាដែលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ ចំពោះច្បាប់វិនិយោគថ្មីជាមួយកម្ពុជានេះ លោកសង្ឃឹមថា នឹងអាចធ្វើការជាមួយគ្នា ដោយលោកបញ្ជាក់ថា មានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុន កំពុងដំណើរការនៅកម្ពុជា។

សូមបញ្ជាក់ថា ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្ថលេខា ដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ ក្រោយពីឆ្លងការពិនិត្យរួចរាល់ពីរដ្ឋសភា និងព្រឹទ្ធសភា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានក្រុមការងារជំនាញនៃប្រទេសទាំងពីរ បានពិភាក្សា និងតាក់តែងឡើងកាលពីឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះ នឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារឡើងវិញនូវសេដ្ឋកិច្ច របស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមការធ្វើសេរីភាវូបនីយកម្មទីផ្សារ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

កិច្ចព្រមព្រៀងនេះ នឹងរួមចំណែកជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម៕