(ភ្នំពេញ)៖ នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក មូន ចេអ៉ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យគាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នេះបើតាម លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានអំពីលទ្ធផលនៃជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មូន ជេអ៉ីន ដោយលោកលើកឡើងថា ក្នុងជំនួបនោះ «ឯកឧត្តម (មូន ជេអ៉ីន) ក៏បានស្នើសុំឱ្យកម្ពុជា គាំទ្របេក្ខភាពសាធារណរដ្ឋកូរ៉េ នៅក្នុងក្របខណ្ឌជាពិសេស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាពិសេសទៀតគឺសមាជិកមិនអចិន្រ្តៃយ៍ និងសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ»

ជាការឆ្លើយតបចំពោះការស្នើសុំឱ្យគាំទ្របេក្ខភាពរបស់សាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើសិនជាកម្ពុជាមិនទាន់គាំទ្រប្រទេសណានៅឡើយទេ ក្រសួងការបរទេសរបស់កម្ពុជា នឹងពិចារណាលើករណីនេះ។

ប្រទេសកូរ៉េខាងត្បូង មានបំណងចង់អង្គុយកៅអី សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាថ្មីម្តងទៀត នៅខែមិថុនា ឆ្នាំក្រោយនេះ បន្ទាប់ពីបានជាប់ចំនួន២លើក គឺនៅលើកទី១ នៅឆ្នាំ១៩៩៦-១៩៩៧ និងលើកទី២ពីឆ្នាំ ២០១៣-២០១៤។

ដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ UNSC ប្រទេសនីមួយត្រូវការសំឡេងគាំទ្រ យ៉ាងហោចណាស់ ២ ភាគ ៣ ពីមហាសន្និបាត UN ដែលមានសមាជិក ១៩៣ ប្រទេស៕