(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ រួមដំណើរជាមួយលោកឧត្តមសេនីយ៍ត្រី សោម សុខា មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រសួងការពារជាតិ លោក ប៊ុត គឹមស៊ាន អភិបាលរងខេត្ត នាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ នេះបាននាំរថយន្តដឹកទឹកចំនួន១៣គ្រឿង ដឹកទឹកយកទៅចែកជូនប្រជាពលរដ្ឋ កំពុងខ្វះទឹកប្រើប្រាស់ នៅតាមផ្ទះក្នុងភូមិនានា ក្នុងរស្មីរសង្ហា ស្រុករតនៈមណ្ឌល ដោយបានសហការជាមួយអាជ្ញាធរដែនដី ភូមិឃុំចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់ថា បន្ទាប់ពីក្រសួងការពារជាតិ បានផ្តល់រថយន្ត និងធុងទឹកចំណុះ៥ពាន់លីត្រ មានចំនួន២០រថយន្តយោធភូមិភាគទី៥ ក្នុងនោះបានធ្វើការបែងចែកទៅខេត្តប៉ៃលិន ៥រថយន្ត ទិសស្រុកសំឡូត២រថយន្ត ដើម្បីមកជួយអន្តរាគមន៍សង្រ្គោះបន្ទាន់ដឹកទឹកចែកជូនពលរដ្ឋ នៅតាមមូលដ្ឋានដែលចាំបាច់បំផុត។

លោកមេបញ្ជាការបានបញ្ជាក់ថា ជាក់ស្តែងក្រុមការងារយើងបានសហការគ្នា មកបូមទឹកនៅអាងកំពីងពួយ ទាំងយប់ដាក់ពេញរថយន្ត លុះព្រឹកឡើងថ្ងៃទី២៩ខែមេសានេះ ក្រុមការងារបានដឹកបន្តយកទៅចែកទឹកជូនប្រជាពលរដ្ឋនៅភូមិបាដាកឃុំរស្មីសង្ហាស្រុករតនៈមណ្ឌល និងបន្តចែកនៅភូមិផ្សេងៗទៀត រហូតដល់បានចប់យុទ្ធនាការចែកចាយទឹកនេះ។

លោក ប៊ុន សេង បានផ្តាំផ្ញើសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបញ្ហាខ្វះទឹកពី សំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត ដែលតែងតែបានគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋយើងជានិច្ច មិនដែលភ្លេចឡើយ ទីណាមានការលំបាកទីនោះ តែងមានក្រុមការងារចុះជួយគ្រប់កាលៈទេសៈ គ្រប់ទិសទី កន្លងមកក៏ដូចជាពេលនេះផងដែរ។

ប្រជាពលរដ្ឋទាំងអស់ដែលបានទទួលទឹកពីក្រុមការងារយើង បានចែកជូនពួកគាត់ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុក្ខដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន ពិសេសបានថ្លែងអំណរគុណដល់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយប្រជាពលរដ្ឋយើង ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងដោះស្រាយកង្វល់របស់ពលរដ្ឋ កន្លងមកមិនដែលខានឡើយ។ បន្ទាប់មកលោកបានដឹកនាំក្រុមការងារចុះពិនិត្យការបូមទឹកចូលប្រឡាយមេ របស់មន្ទីរ ក្រសួងធនធានទឹកនិងឧតុនិយម ជាមួយលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានផងដែរ៕