(កំពង់ធំ)៖ លោក យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានស្នើជំរុញអាជ្ញាធរត្រូវយកចិត្តទុកដាក់ការអប់រំយុវជនជំនាន់ក្រោយឲ្យក្លាយជាទំពាំងស្នងឬស្សី របស់ប្រទេសជាតិ។ ការជំរុញនេះ ធ្វើឡើងក្នុងពេលដែលលោក ជួបសំណេះសំណាល និងសួរសុខទុកជាមួយក្រុប្រឹក្សាឃុំ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងនោះដែរលោក យ៉ង់ សែម បានថ្លែងសួរសុខទុក្ខចំពោះក្រុមប្រឹក្សាឃុំ នៅស្រុកកំពង់ស្វាយ ដោយក្តីនឹករលឹក និងបានកោតសរសើរខ្ពស់ចំពោះក្រុមប្រឹក្សាឃុំ ដែលបានខិតខំប្រឹងធ្វើការបម្រើប្រជាជននៅមូលដ្ឋានទទួលបានលិទ្ធផលល្អ។ លោកបានជំរុញឲ្យខិតខំបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានការជឿទុកចិត្តមកលើអាជ្ញាធរ។

លោកបានបន្តទៀតថា «ក្នុងនាមយើងជាអជ្ញាធរដែនដី ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសនោះត្រូវពង្រឹងការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ ដោយអនុវត្តន៍តាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ព្រមទាំងសហការជាមួយមន្រ្តីជំនាញដើម្បីចុះអបរំដល់ប្រជាពលរដ្ឋ និងយុវជននៅក្នុងសហគមន៍ឲ្យយល់ដឹងពីបញ្ហាគ្រឿងញៀន ព្រមទាំងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមបង្កើនការដាំដុះបន្លែបង្ការនៅតាមផ្ទះ និងបង្កើតអាជីវកម្មខ្នាតូចតូចឲ្យបានច្រើន ដើម្បីបង្កើនជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរឡើង»

ក្នុងនោះដែរ លោកនិងក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងទេយ្យទានទៅប្រគេនព្រះសង្ឃនិងប្រជាពលរដ្ឋ១១គ្រួសារ ប្រគេនដល់ព្រះសង្ឃ នៅក្នុងវត្តប្រាសាទស្វាយព្រៃ ឃុំកំពង់ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានចំនួន ០១ឃីត និងថវិកាមួយចំនួនផងដែរ៕