(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការតាមស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបក្រុមក្មេងទំនើង ដែលពាក់ព័ន្ធនឹងសកម្មភាពឆក់ និងប្លន់ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋយ៉ាងសកម្មសរុបចំនួន១១នាក់ ដែលមុខសញ្ញាទាំងនេះ តែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្រ្តសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូល ខេត្តកណ្តាល។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បន្ទាប់ពីមានករណីក្រុមក្មេងទំនើងបង្កឡើង ជាបន្តបន្ទាប់នៅតំបន់ជ្រោយចង្វារ ក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ , ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វារ ដើម្បីស្រាវជ្រាវ និងបង្ក្រាបឱ្យបានក្រុមក្មេងទំនើងទាំងនេះ។

លោកបានបន្តថា ក្រោយការស្រាវជ្រាវរហូតដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២នេះ ក្រុមក្មេងទំនើងចំនួន១១នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកមុខកំពូល បង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពវាយឆក់ប្លន់ទ្រព្យសម្បត្តិពីជនរងគ្រោះនៅតាមផ្លូវជាតិលេខ ៦អា ក្នុងភូមិសាស្ត្រ ស្រុកមុខកំពូលលើកទី១ កាលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង២១៖៣០ ចាប់បាន២នាក់ លើកទី២ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ចាប់បាន៩នាក់។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ តែងតែធ្វើសកម្មភាពពេលយប់ ក្នុងទឹកដីសង្កាត់ជ្រោយចង្វារ និងស្រុកមុខកំពូលជាញឹកញាប់។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំង ១១នាក់នេះ រួមទាំងមធ្យោបាយល្មើសធ្វើសកម្មភាពម៉ូតូ ២គ្រឿង ទូរស័ព្ទដៃ ២គ្រឿង ដែលសមត្ថកិច្ចដកហូតបានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនថា ក្រោយបង្ក្រាបក្រុមទំនើងទាំងនេះរួចហើយ នៅតំបន់ខាងលើអាចនឹងមាន ភាពស្ងប់ស្ងាត់ ហើយសុវត្ថិភាពសម្រាប់ការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋ ដោយសារក្រុមនេះតែងតែធ្វើសកម្មភាពនៅពេលយប់តែម្តង៕