(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Hassan Zaman នាយកប្រចាំតំបន់ អាស៊ីខាងកើត និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក (WB) ដែលអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា។

លោក វង្សី វិស្សុត បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក Hassan Zaman ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដោយបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍ និងអ្នកទទួលផល ពីគម្រោងដើម្បីពិភាក្សាអំពី តម្រូវការអភិវឌ្ឍជាអាទិភាព និងបញ្ហាប្រឈមនៅកម្ពុជា ក៏ដូចជាដើម្បីពង្រឹងភាពជាដៃគូ ជាពិសេស ដើម្បីជួយគាំទ្រកម្ពុជា ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្នុងបរិការណ៍ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង WB ក្នុងរយៈពេលជាងពីរទស្សវត្ស៍កន្លងមក ដែលបានបង្ហាញឲ្យឃើញពីសារៈសំខាន់ នៃភាពជាដៃគូរវាងរបស់ WB នៅក្នុងកិច្ចដំណើរការអភិវឌ្ឍកម្ពុជា នាពេលកន្លងមក។

លោករដ្ឋមន្រ្តីប្រតិភូ ក៏បានលើកឡើងផងដែរថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងតែស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច ឲ្យស្ថិតនៅលើគន្លងនៃកំណើនឡើងវិញ ក្នុងល្បឿនលឿន ប្រកបដោយភាពធន់ រឹងមាំ និងបរិយាប័ន្ន។ ទន្ទឹមនេះ សភាពការណ៍តំបន់ និងពិភពលោក កំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័ស។

លោកបានបន្តថា ក្នុងបរិបទនេះ ដំណើរឈានឆ្ពោះរបស់កម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ គឺពិតជានឹងត្រូវជួបប្រទះនូវបញ្ហាប្រឈមច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជានឹងអាចធ្វើបាន។ កិច្ចការនេះទាមទារនូវកិច្ចខិតខំប្រឹងប្រែងទ្វេដង តាមរយៈការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តថ្មី។

ក្នុងន័យនេះ លោករដ្ឋមន្រ្តីប្រតិភូ បានស្នើ WB ដើម្បីបន្តធ្វើការរួមគ្នា ជាមួយកម្ពុជា ក្នុងភាពជាដៃគូដើម្បីរួមគ្នាពិនិត្យ និងធ្វើបច្ចុប្បន្នភាពឡើងវិញនូវកម្មវិធីហិញ្ញប្បទាននានា ក៏ដូចជាការផ្តល់ជំនួយផ្នែកបច្ចេកទេស ចាំបាច់មួយចំនួន ដើម្បីសម្របតាមអាទិភាពរបស់កម្ពុជា ក្នុងបរិការណ៍ថ្មី ក៏ដូចជាតំបន់ និងពិភពលោក នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោក Hassan Zaman បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ដោយផ្ទាល់នៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកប្រទេសឡើងវិញ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី១ ក្នុងតំបន់ដែលបានបើកចំហរព្រំដែនទទួលអ្នកធ្វើដំណើរមកពីខាងក្រៅ ក្នុងពេលដែលបណ្តាប្រទេសដទៃជាច្រើនទៀត នៅមានអនុវត្តការរឹតត្បិតនៅឡើយ។

លោក Hassan Zaman ក៏បានសម្ដែងនូវការកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការឆ្លើយតបដ៏សបស្រមទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ សំដៅប្រយុទ្ធការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រក្សាលំនឹងធុរកិច្ច និងអាជីវកម្ម ព្រមទាំងលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ លោកបានបន្តថា ដោយសារប្រសិទ្ធភាព និងសង្គតិភាព នៃវិធានការគោលនយោបាយឆ្លើយតប ដែលកម្ពុជាបានដាក់ចេញនេះ នឹងអាចក្លាយជាមេរៀនដ៏ល្អ សម្រាប់ប្រទេសដទៃទៀត ក្នុងតំបន់យកទៅរៀនសូត្រតាម។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីភាពល្អប្រសើរ នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។ លោកនាយកប្រចាំតំបន់រូបនេះ ក៏បានបន្តថា ជោគជ័យ និងសមិទ្ធផលទាំងនេះ គឺមិនមែនកើតឡើង ដោយចៃដន្យទេ តែនេះគឺពិតជាបានកើតចេញ ពីការខិតខំប្រឹងប្រឹង និងសមត្ថភាពដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រការនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរឈានឡើងទៅមុខរបស់កម្ពុជាជាបន្តទៀត។

លោក Hassan Zaman ក៏បានបង្ហាញពីជំហរ និងការត្រៀមខ្លួនរបស់ WB ក្នុងការចូលរួមគាំទ្រ និងបង្កើនការផ្តល់ជំនួយដល់ប្រទេសជាសមាជិក ដែលរួមមានទាំងកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារ សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិ នៃជំងឺកូវីដ-១៩ ដូចដែលបានលើកឡើង ក្នុងជំនួបពិភាក្សាកន្លងមកជាមួយ អនុប្រធាន WB។

ជាកិច្ចឆ្លើយតប លោក វង្សី វិស្សុត បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងតែរស់នៅជាមួយនឹងកូវីដ-១៩ និងបានបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ដោយនឹងមិនវិលត្រឡប់ថយក្រោយវិញឡើយ។

លោកបានបន្ត កម្ពុជាអាចធ្វើដូចនេះបាន ដោយសារសមត្ថភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឆ្លាតវៃ និងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជាអគ្គមេបញ្ជាការផ្ទាល់ នៃសមរភូមិប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ដែលបានគ្រប់គ្រង សភាពការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពឆ្លើយតបទៅនឹងការឆ្លងជំងឺនេះជាបន្តបន្ទាប់ ហើយជាពិសេស គឺការសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង។

លោក វង្សី វិស្សុត ក៏បានជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី២០២១-២០២៣ ដែលឈរលើអភិក្រមចំនួន ៣រួមមាន៖

*ទី១៖ ការស្តារឡើងវិញ (Recovery) ដើម្បីស្តារសេដ្ឋកិច្ចឲ្យវិលស្ថិតលើមាគ៌ា នៃកំណើនឡើងវិញដើម្បីធានាសុវត្ថិភាព, ការគ្រប់គ្រងផលប៉ះពាល់, ការរក្សាលំនឹង និងការរស់ឡើងវិញ នៃធុរកិច្ច ដោយផ្តោតលើវិស័យសុខាភិបាល, ការផ្តល់ហិរញ្ញប្បទាន ដល់វិស័យឯកជន, គោលនយោបាយសារពើពន្ធ, វិស័យកសិកម្ម, វិស័យទេសចរណ៍, និងវិស័យកាត់ដេរ ព្រមទាំងវិស័យកម្មន្តសាល មិនមែនកាត់ដេរ

*ទី២៖ ការកែទម្រង់ (Reform) តាមរយៈការបន្តដាក់ចេញនូវវិធានការ ការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធសំដៅលើការកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង

*ទី៣៖ ការកសាងភាពធន់ (Resilience) ប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្តោតទៅលើ វិស័យឌីជីថល, ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍជំនាញ, ការអភិវឌ្ឍវិស័យអប់រំ, ប្រព័ន្ធគាំពារសង្គម, វិស័យសុខាភិបាល និងការបន្សំានឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការស្តារកំណើនបៃតងឡើងវិញ៕