(ភ្នំពេញ)៖ ក្នុងកម្មពិធីបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់បេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានបង្ហាញពីសមិទ្ធផលសំខាន់ៗរបស់បេឡាជាតិសន្តិសុខសង្គមក្នុងឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គមបានចូលរួមអនុវត្តអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមមាន៖

* កម្មករនិយោជិតទទួលបានការព្យាបាលជំងឺដោយមិនបង់ប្រាក់។

* គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ប.ស.ស. បានផ្តល់ប្រាក់ឈ្នួលដល់កម្មការិនីសម្រាលកូនបានចំនួន២៤២,៣៦៧នាក់ គិតជាទឹកប្រាក់សរុបចំនួន៤៩៣៩៧ប៊ីលានរៀល។

* ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនកូនចំនួន១នាក់ ថវិកា៤០ម៉ឺនរៀល កូនចំនួន២នាក់ ថវិកា៨០ម៉ឺនរៀល និងកូនចំនួន៣នាក់ ថវិកា១លាន២សែនរៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

* គិតត្រឹមឆ្នាំ២០២១ ប.ស.ស បានបើកផ្តល់បា្រក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្រ្តីសម្រាលកូនសរុបចំនួន២៨២,០៧៣នាក់ មានកូនសរុប២៨៤,០១៦នាក់ ដែលបានចំណាយទឹកប្រាក់ជាង១១៣ប៊ីលានរៀល។ ដោយឡែកសម្រាប់ឆ្នាំ២០២១ មានកម្មករនិយោជិតជាស្ត្រីសម្រាកកូន៦៥,៨៧១នាក់ មានកូនចំនួន៦៦,៣៣៥នាក់ ចំណាយប្រាក់ឧបត្ថម្ភចំនួន២៦ពាន់,៥៣៤លានរៀល។

* ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីទទួលបានការអនុម័ត និងដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែករបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ។

* បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំលិខិតបទដ្ឋានគតិយុត្តិចប់សព្វគ្រប់សម្រាប់ដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។ ប៉ុន្តែដោយសារតែផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ ក្រុមប្រឹក្សាជាតិគាំពារសង្គមកំពុងពិនិត្យសម្រេចកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិច្បាប់ស្តីពីការងារ។ រាជរដ្ឋាភិបាលបានបង់ភាគទានជំនួសមន្រ្តីសាធារណៈរហូតមកដល់បច្ចុប្បន្ននេះ។

* បន្តសហការជាមួយក្រសួងពាក់ព័ន្ធបន្តដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

* ក្រសួងបាននិងកំពុងបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

សម្រាប់ទិសដៅអនុវត្តបន្ត បេឡាជាតិសន្តិសុខសង្គម និងស្ថាប័ន អង្គភាព ក៏ដូចជាដៃគូអភិវឌ្ឍន៍នានាត្រូវបន្តចូលរួមចំណែក៖
* ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ។
* ពង្រឹងការអនុវត្ដរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។
* ជំរុញការដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនឱ្យខានតែបានក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ។
* ពង្រឹងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។
* ការអនុវត្តការថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។

បើតាមលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានឲ្យដឹងថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គមបានដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ ទាំងវិស័យឯកជន និងវិស័យសាធារណៈ គិតត្រឹមឆ្នាំ២០២១ ដែលក្នុងនោះសម្រាប់វិស័យឯកជនបានចុះបញ្ជីសរុបចំនួន១៧,៣១៧សហគ្រាស ដែលមានសមាជិកសរុបចំនួន២,៣០៥,៩៥៨នាក់ និងផ្នែកថែទាំសុខភាពចំនួន១៤,៦៨៩សហគ្រាស មានសមាជិកចំនួន២,៣០៥,៩៥៨នាក់។ ចំណែកវិស័យសាធារណៈបានចុះបញ្ជីផ្នែកថែទាំសុខភាពសរុបចំនួន៣៨ស្ថាប័ន មានសមាជិកសរុប៣៩៨,៧៤០នាក់ និងផ្នែកហានិភ័យការងារចំនួន៣៥ស្ថាប័ន មានសមាជិកសរុប២៤៨,៨៩២នាក់។ គិតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមបានផ្តល់តាវកាលិកជូនសមាជិករបស់ខ្លួនចំពោះផ្នែកហានិភ័យការងារចំនួន១០.៦៨ប៊ីលានរៀល និងផ្នែកថែទាំសុខភាពចំនួន១៥៦.២០ប៊ីលានរៀល៕