(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រគល់ជែលលាងដៃចំនួន៥៥៤កេស ជូនមន្ទីរ-អង្គភាពជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមវត្តមានលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

លោកស្រីអនុប្រធានបានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាវីរជនជួរមុខក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩នៅមូលដ្ឋានផងដែរ។

លោកស្រីបានបន្តថា ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលបង្ការជំងឺឆ្លងនេះគឺ ៣ការពារ ៣កុំ និងជាពិសេសជំរុញការចូលរួមចាក់វ៉ាក់សាំងដូលមូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្ត បានធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពប្រសើរឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះផងដែរ ជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងមន្រ្តីរាជការគ្រប់អង្គភាព ពិសេស លោក លោកស្រី ជាគ្រូពេទ្យទាំងអស់ បានព្រួតដៃគ្នាយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យ៉ាងសកម្មបំផុតរហូតដល់ពេលនេះទើបយើងអាចជួបជុំគ្នាបាននាពេលនេះ។ យើងទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខភាព សុខាភិបាលនេះបន្តទៀត ដោយមិនត្រូវធ្វេសប្រហែសឡើយ ។

ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្ការជំងឺកូវីដ-១៩នេះទើប លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូននូវជែលលាងដៃ ដែលបានទទួលពីកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរអង្គភាពនាពេលនេះ ហើយសង្ឃឹមថាជែលលាងដៃ ដែលប្រគល់ជូននាថ្ងៃនេះ ពិតជាបានរួមចំណែកជួយការពារ និងកាត់បន្ថយការឆ្លងនៃជំងឺកូវីដ-១៩ ផងដែរ និងសូមសំណូមពរ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ មេត្តាជួយបំផុស និងជំរុញដល់មន្រ្តីកងកម្លាំក្នុងអង្គភាព និងក្រុមគ្រួសារ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមទីកន្លែង ដែលខាងសុខាភិបាលបានកំណត់ជូនកុំបីអាក់ខាន ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា និងត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩៕