(តាកែវ)៖ ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារ:បញ្ចេកទេសក្រសួងការពារជាតិ បានឲ្យដឹងថា ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែមានភាពរីកចម្រើនទៅមុខជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធាក្រោមការដឹកនាំប្រាកដដោយឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកយាយលោកតា នៅបរិវេណវត្តបារាយណ៍វិហារពីរ ស្ថិតនៅស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោកឧត្តមសេនីយ៍ឯកបានបន្តបញ្ជាក់ទៀតថា ភាពរីកចម្រើនរបស់ប្រទេសជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋ មានជីវភាពធូរធា និងក្នុងក្ដីសប្បាយរីករាយមានការរីកចំរើនទាំងអស់ដូចសព្វថ្ងៃនេះ គឺផ្ដើមចេញនូវមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះឈ្នះក្រោមម្លប់នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បច្ចុប្បន្ននេះប្រទេសជាតិយើង ទទួលបាននូវបូរណភាព ឯកភាពជាតិទឹកដី និងប្រជាជនទទួលបាននៅសិទ្ធិសេរីភាព គ្រប់គ្រាន់ អាចប្រតិបត្តិសាសនាផ្សេងៗ ដោយបានផ្ដល់សិទ្ធិក្នុងក្របខណ្ឌច្បាប់ជូនអង្គការសមាគមជាតិ អន្តរជាតិសហគមន៍មូលដ្ឋានសម្រាប់រួមចំណែកក្នុងកិច្ចចូលរួមអភិវឌ្ឍប្រទេស តាមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពេញបរិបូណ៌។

នាឱកាសនោះលោក មាស ប៊ុនឡី និងលោកស្រីភរិយា ហ៉ឹម ច្រឹប ក៏បានចែកអំណោយដល់លោកយាយ លោកតា ពូមីង ប្រជាពលរដ្ឋ និងប្រជាការពារភូមិ រួមមានសារុង ត្រីខ និងថវិកាមួយចំនួនជូនពួកគាត់ផងដែរ៕