(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើរដ្ឋាភិបាលកាណាដា ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកាណាដា ឱ្យកាន់តែរស់រវើកបន្ថែមទៀត។

សំណើរបស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅកម្ពុជា។ ជំនួបពិភាក្សាការងារដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ធ្វើឡើងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូចនិងមធ្យម ការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងការអភិវឌ្ឍន៍គម្រោងជំនួយផ្សេងៗទៀត ដូចជាការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសជាដើម។

តាមរយៈជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះទំនាក់ទំនងល្អ និងការគាំទ្ររបស់រដ្ឋាភិបាលកាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរហូតទៅដល់ ៨៩,៨២% នៃប្រជាជនសរុប ១៦លាននាក់។

លោក ប៉ាន សូរស័ក្តិ ក៏បានលើកឡើងអំពីពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា ដែមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជាបាននាំចេញទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥៤.៨២លានដុល្លាអាមេរិក ក្នុងឆ្នាំ២០២១។

លោករដ្ឋមន្ត្រី ក៏បាន បានស្នើរដ្ឋាភិបាលកាណាដា តាមរយៈលោកស្រីឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពក្នុងការសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំកិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។ លើសពីនេះ កម្ពុជា បានធ្វើកំណែទម្រង់ និងក៏សាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។

លោករដ្ឋមន្ត្រី បា៉ាន សូរស័ក្តិ ក៏បានលើកឡើងដែរថា កម្ពុជាតែងតែគាំទ្រវិនិយោគិនកាណាដា ដែលកំពុងវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងធនាគារ ABA បានស្ថិតក្នុងលំដាប់ទី៣ នៃធរនាគារនាំមុខគេនៅកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រង Manulife វិញ ក៏បានទទួលអាជ្ញាប័ណ្ណ និងចែករំលែកចំណេះជំនាញរបស់ខ្លួនដល់កម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ជាការអនុវត្តដ៏ល្អបំផុតនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសកាណាដា លើការជួយដល់ការធ្វើកំណែទម្រង់គោលនយោបាយទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ព្រមទាំងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេសដល់កម្ពុជា ដែលជាប្រទេសមានគម្លាតសេដ្ឋកិច្ចតិចជាងប្រទេសអាស៊ានមួយចំនួន។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរបស់កម្ពុជាជាមួយកាណាដា និងកម្ពុជាជាមួយអាស៊ាន ព្រមទាំងបានឆ្លើយតបថា នេះជាឆ្នាំពិសេសមួយ ដែលកម្ពុជាធ្វើជាប្រធានាស៊ាន ត្រូវនឹងខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-កាណាដា។

ទន្ទឹមនឹងនេះលោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្រេចបាននូវយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនតាមផែនការណ៍ និងបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដឹកនាំអាស៊ានក្នុងឆ្នាំនេះ ទោះបីស្ថិតក្នុងពេលវេលាដ៏លំបាកនៃវិបត្តកូវីដ-១៩ យ៉ាងណាក្ដី។

Saray Vann, [2/11/2022 1:59 PM]
លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ដែរថា កាណាដានឹងជំរុញការចរចារពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សាទៅលើលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នាជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ភាគីកាណាដាគាំទ្រជានិច្ចចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះលោកស្រីសន្យាថា នឹងយកសំណើខាងលើទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកាលើកសំណើជំនួយបច្ចេកទេសពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា។

ចុងបញ្ចប់នៃជំនួបនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែល្អប្រសើឡើង ជាពិសេសការជួយសម្របសម្រួលដល់ធុរជនរបស់ប្រទេសកាណាដា ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា៕