(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានដកហូតឱ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងវិញ។

ក្នុងការចុះពិនិត្យកំពង់ផែចុងឃ្នៀស កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ លោក ទៀ សីហា បានណែនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតកន្លងមកនោះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារចម្រុះ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យទីនោះ ប្រែក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ ដែលមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តជាហូរហែរផងដែរ។ ដោយឡែក យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គិសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដែលមានអភិបាលខេត្តជាប្រធាន។

សូមរំលឹកផងដែរ រាជរដ្ធាភិបាលកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ និងទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋផងដែរ៕