(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយ ដែលមានជីវភាពក្រីក្រ ចំនួន២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាកអ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើស អើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកបានបន្ដថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។

លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ការពារខ្លួនពីជំងឺកូវីដ-១៩ គឺ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា។

អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, មី១កេស, ទឹកត្រី ទឹកស៉ីអ៉ីវ១យួរ និងជែល១ដបផងដែរ៕