(ភ្នំពេញ)៖ គម្រោងថ្នាក់ជាតិថ្មីមួយដែលមានឈ្មោះថា «បង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាព Scaling Up Refractive Error Services» ដែលគាំទ្រដោយដៃគូអភិវឌ្ឍជាសាកល ត្រូវបានរៀបចំឡើង ដើម្បីផ្តល់វ៉ែនតាក្នុងតម្លៃអនុគ្រោះឱ្យកុមារប្រមាណ ៨០,០០០នាក់ ស្ត្រី និងបុរសប្រមាណ ៣០,០០០នាក់ ដែលកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងនេះ បានប្រព្រឹត្ដទៅនៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ ក្រោមការរៀបចំដោយមូលនិធិហ្រ្វេដហូឡូ (FHF) ជាអង្គការអន្តរជាតិដែលផ្តោតលើការងារសុខភាពភ្នែក និងក្រោមជំនួយឧបត្ថម្ភថវិកាពី ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ក្នុងការគាំទ្រដល់កម្មវិធី ATscale ដែលជាដៃគូអភិវឌ្ឍជាសកលសម្រាប់ផ្តល់ឧបករណ៍បច្ចេកទេសជំនួយរាងកាយ តាមរយៈអង្គការសហប្រជាជាតិ UNOPS ។

លោក ប៉ាស់ស្កាល់ ប៊ីឡឹវ៉ែល (Pascal Bijleveld) នាយកប្រតិបត្តិរបស់ ATscale បានធ្វើដំណើរទស្សនកិច្ចគម្រោងនៅកម្ពុជា រយៈពេលមួយសប្តាហ៍កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ឧបករណ៍បច្ចេកទេសជំនួយរាងកាយដូចជា វ៉ែនតា រទេះរុញ និងឧបករណ៍ជំនួយក្នុងការស្តាប់ អាចជួយឱ្យជីវិតរបស់មនុស្សមានភាពប្រសើរឡើង និងផ្តល់លទ្ធភាពខ្ពស់ដល់ជនមានពិការភាព ប៉ុន្តែជនមានពិការភាពភាគច្រើន ដែលស្ថិតក្នុងប្រទេសដែលមានអត្រាប្រាក់ចំណូលទាប និងមធ្យមនៅតែមិនទាន់មានលទ្ធភាពទទួលបានឧបករណ៍បច្ចេកទេសជំនួយរាងកាយ មកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅឡើយ។

លោកបន្ដថា «យើងមានក្តីសោមនស្ស ចំពោះការវិនិយោគរបស់យើងក្នុងគម្រោងមួយនេះ និងមានបំណងធ្វើការក្នុងភាពជាដៃគូល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍផ្សេងទៀត ដើម្បីពាំនាំយកមេរៀនជាបទពិសោធន៍ និងរៀបចំគម្រោងសម្រាប់ឧបករណ៍ជំនួយផ្សេងទៀត»

គិលានុបដ្ឋាកមួយក្រុម បច្ចុប្បន្នកំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីចក្ខុមាត្រសាស្រ្ត បានឱ្យដឹងថា «នៅតាមសហគមន៍ ប្រជាជនភាគច្រើនមិនទាន់មានលទ្ធភាពទទួលបានសេវាថែទាំភ្នែក និងវ៉ែនតាដែលមានគុណភាពល្អ និងតម្លៃសមរម្យនៅឡើយទេ។ បច្ចុប្បន្ននេះ យើងនៅមានភាពខ្វះខាតមន្ត្រីផ្នែកសុខភាពភ្នែក ដែលមានសមត្ថភាព ជាពិសេសនៅតាមតំបន់ដាច់ស្រយាលនានា។ មានកុមារនៅតាមសាលារៀនជាច្រើននាក់ ដែលកំពុងមានតម្រូវការពិនិត្យភ្នែក និងឆ្លើយតបជាចាំបាច់»

សូមជម្រាបថា លោក ប៉ាស់ស្កាល់ ប៊ីឡឹវ៉ែល និងសហការីលោកស្រី បាបារ៉ា ហ្គឺឌី (Ms. Barbara Goedde) កាលពីពេលថ្មីៗនេះ បានជំនួបពិភាក្សាការងារជាមួយដៃគូរដ្ឋាភិបាលសំខាន់ៗមួយចំនួនរួមមាន៖ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងដៃគូអភិវឌ្ឍដែលមានការិយាល័យនៅភ្នំពេញ មួយចំនួនទៀតដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) តំណាងរដ្ឋាភិបាលអូស្រ្តាលី (DFAT) អង្គការសុខភាពពិភពលោក(WHO) មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) អង្គការ CHAI អង្គការជនពិការ និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតក្នុងសប្តាហ៍នេះផងដែរ។ ការពិភាក្សាខាងលើនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមក្នុងការសហការគ្នា និងគាំទ្រនៅពេលអនាគត ពិសេសបង្កើនលទ្ធភាពទទួលបានឧបករណ៍បច្ចេកទេសជំនួយរាងកាយសម្រាប់ជនមានពិការភាព។

ក្នុងឆ្នាំនេះដែរ មូលនិធិហ្រ្វេដហូឡូ ប្រារព្ធខួបលើកទី៣០ឆ្នាំរបស់ខ្លួន ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ មកម្លេះ។ ចក្ខុវិស័យរបស់មូលនិធិហ្រ្វេដហូឡូ គឺដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពពិការភ្នែក ដែលអាចជៀសវាងបាន និងបញ្ហាគំហើញថយចុះ៕