(ភ្នំពេញ)៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើលិខិតអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ឲ្យចាត់តំណាងទៅចូលរួមក្នុងកិច្ចសន្ទនាអន្តរជាតិ ពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេស្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM)។

នេះបើតាមការឲ្យដឹងពីលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការរៀបចំផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេស្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

បើតាមលោកស្រី ជូ ប៊ុនអេង អង្គការសហប្រជាជាតិ បានអញ្ជើញតំណាងកម្ពុជា ឲ្យចូលរួមការជជែកលើបញ្ហាដូចជា អ្វីទៅជាភាពជោគជ័យ អ្វីទៅជាបញ្ហាប្រឈម ហើយតើប្រទេសនីមួយៗ មានគំនិតផ្តួចផ្តើមអ្វីខ្លះ ជាយុទ្ធសាស្ត្រនៅក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេស្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។

លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្មីៗនេះ យើងបានទទួលការអញ្ជើញពីលោក António Guterres បានផ្ញើលិខិតតាមរយៈតំណាងបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ដើម្បីអញ្ជើញកម្ពុជាចូលរួមនៅក្នុងកិច្ចសន្ទនាអន្តរជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដើម្បីជជែកគ្នា»

លោកស្រីបន្តថា កម្ពុជានឹងមានតំណាងនៅក្នុងការចូលរួមកិច្ចពិភាក្សានេះ ហើយកិច្ចពិភាក្សានេះ នឹងត្រៀមដល់កិច្ចប្រជុំលើកទី១ នៅក្នុងចំណោមប្រទេសលើពិភពលោក ដែលជាសមាជិករបស់កតិកាសញ្ញាពិភពលោក ស្តីពីទេស្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដែលប្រារព្ធធ្វើនៅខែឧសភា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំលើកទី១ នៅក្នុងចំណោមប្រទេសលើពិភពលោក ដែលជាសមាជិករបស់កតិកាសញ្ញាពិភពលោក ស្តីពីទេស្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គេនឹងរង់ចាំប្រទេសជ័យលាភី មានទាំងកម្ពុជាផងនោះ ធ្វើសេចក្តីថ្លែងការណ៍ សម្រាប់ការចែករំលែកនូវបទពិសោធន៍ លើការអនុវត្តកតិកាសញ្ញានេះ។

កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័ត តាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឱ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉ក ដែលមានសមាជិកចូលរួមចំនួន ១៥២ប្រទេស។

អង្គការសហប្រជាជាតិ បានផ្តល់ជ័យលាភីដល់កម្ពុជា (Champion Country) ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅឆ្នាំ២០២០ ដែលមានន័យថា កម្ពុជាទទួលបានជំនួយពីការអង្គការសហប្រជាជាតិ ក្នុងការគ្រប់គ្រងការងារទេសន្ដរប្រវេសន៍។ ឥឡូវនេះ មានប្រទេសជាច្រើន កំពុងធ្វើសេចក្តីព្រាងសុំចូលជាសមាជិក ប្រទេសជ័យលាភី ឬ Champion Country ក្នុងការអនុវត្តកតិកាសញ្ញានេះផងដែរ។

លោកស្រី ជូ ប៊ុនអេង បានបន្តថា «ឥឡូវនេះ យើងក៏បានឃើញ ក្រុមនៃប្រទេសមួយជាច្រើន ដែលបានជជែកគ្នាធ្វើសេចក្តីព្រាង សុំចូលជាសមាជិកនៃក្រុមប្រទេសជ័យលាភី។ កម្ពុជា យើងបានចូលក្នុងចំណោមប្រទេសជ័យលាភី ទាំង ១៨ ឥឡូវនេះ ប្រទេសជ័យលាភី មានដល់ ៣០ហើយ»