(ភ្នំពេញ)៖ មេឃុំម្នាក់នៅខេត្តឧត្តរមានជ័យ ដែលកាន់តំណែងជាង១០ឆ្នាំ បានអះអាងថា វិវាទដីធ្លីក្នុងមូលដ្ឋានរបស់ខ្លួន និងករណីប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ លោកមិនដែលឲ្យបញ្ជូនទៅតុលាការនោះទេ ពោលតែងតែសម្របសម្រួលដោះស្រាយបញ្ចប់នៅត្រឹមសាលាឃុំតែម្ដង ព្រោះលោកមិនចង់ឲ្យប្រជាពលរដ្ឋឡើងតុលាការ។

លោក វ៉ាន ប៉ិក មេឃុំគោកខ្ពស់ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅបន្ដ របស់ខេត្តឧត្តរមានជ័យ» លើកឡើងទៀតថា មិនថាតែលោកដែលអាជ្ញាធរមូលដ្ឋាន មិនឲ្យចង់វិវាទផ្សេងៗឡើងដល់តុលាការនោះទេ សូម្បីតែប្រជាពលរដ្ឋខ្លួនឯងក៏មិនចង់នោះដែរ ព្រោះពួកគាត់សុទ្ធតែដឹងថា នៅពេលឡើងដល់តុលាការគឺគ្មានអ្នកណាចំណេញឡើយ។

មេឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បានលើកឡើងយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋឃុំខ្ញុំបាទនេះ ខ្លាចណាស់រឿងទៅតុលាការ និយាយសម្របសម្រួលគាត់ទៅគាត់ដោះស្រាយឃើញថាមានប្រសិទ្ធភាព។ ចឹងខ្ញុំធ្វើមេឃុំ១០ឆ្នាំ ស្មើ២អាណត្តិនេះ ពាក់ព័ន្ធអំពើហិង្សាក្នុងគ្រួសារ ទំនាស់ដីធ្លី ខ្ញុំអត់ដែលបញ្ជូនទៅតុលាការ»

បើតាមលោក វ៉ាន ប៉ិក វិធីសាស្ដ្រដែលលោកយកមកដោះស្រាយនៅមូលដ្ឋាននោះ គឺផ្ដោតលើអំពីបាបបុណ្យ ដោយហេតុថា ប្រជាពលរដ្ឋមួយចំនួនមិនសូវយល់ច្បាស់អំពីច្បាប់រដ្ឋនោះឡើយ ពោលមានតែយកវិធីសាសនាមកដោះស្រាយទៅបញ្ចប់បញ្ហាបានដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ហើយប្រជាពលរដ្ឋក៏សប្បាយចិត្តក្នុងការទទួលយក ដោយមិនខាតបង់អ្វីឡើយ។

លោកបន្ថែមថា កន្លងទៅធ្លាប់មានករណីអំពើហិង្សាមួយករណីដែលដោះស្រាយមិនចប់នៅសាលាឃុំ ហើយបានបញ្ជូនថ្នាក់ស្រុកដើម្បីដោះស្រាយបន្ដ រួចក៏បញ្ចប់នៅត្រឹមថ្នាក់ស្រុកនេះតែម្ដង៕