(ពោធិ៍សាត់)៖ លោក ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្ត នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារមូលដ្ឋាន ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ និងផ្សព្វផ្សាយឯកសារ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។

ពិធីនេះត្រូវបានធ្វើឡើងនៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សខេត្ត គណៈអចិន្ត្រៃយ៍គណៈបក្សខេត្ត គណៈកម្មាធិការគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តយ៉ាងច្រើនកុះករ។

បន្ទាប់ពីលោក ជាវ តាយ បានអាននូវរបាយការណ៍បូកសរុបការងារគណបក្ស និងការងាររាជរដ្ឋាភិបាល ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ នោះរួចមក លោក ស៊ុយ សែម បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹង របស់ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ក្នុងការចុះជួយមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ដើម្បីឈានទៅរកជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលខាងមុខ។ លោកក៏បានដាក់ជូនរបាយការណ៍ ឆ្លងអង្គប្រជុំ ដើម្បីពិភាក្សា និងកែលម្អ ហើយអង្គប្រជុំក៏បានឯកភាពទាំងស្រុង នូវខ្លឹមសាររបាយការណ៍នេះផងដែរ។

ក្នុងឱកាសនោះ លោកបានធ្វើការផ្សព្វផ្សាយ របាយការណ៍របស់គណបក្ស ស្តីពីសភាពការទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅការងារ ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាល ព្រមទាំងធ្វើការផ្តាំផ្ញើដល់គ្រប់ក្រុមការងារទាំងអស់ ត្រូវបន្តការងារតាមផែនការរបស់ខ្លួន ជាបន្តបន្ទាប់ទៀត ដើម្បីឈានទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឱ្យទទួលបានជោគជ័យ។ ក្នុងនាមយើងទាំងអស់គ្នាជាមន្ត្រីរាជការ និងមន្ត្រីរបស់បក្ស សូមយកចិត្តទុកដាក់ក្នុងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ឱ្យបានល្អបំផុត នៅគ្រប់ថ្នាក់គ្រប់ផ្នែក តាំងពីលើរហូតដល់ក្រោម។ ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងម៉ាំ ដោយប្រមូលកម្លាំងឱ្យបានខ្ពស់ ប្រយុទ្ធជាមួលបក្សប្រឆាំង សម្រាប់ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២ និងការបោះឆ្នោតសកល ឆ្នាំ២០២៣ខាងមុខ និងពង្រឹងពង្រីកសមាជិកបក្ស ដោយប្រកាន់យក សមាជិក១រូប សន្លឹកឆ្នោត១សន្លឹក៕