(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងអង្គការ IOM នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការរៀបចំផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេស្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថានប័ន អង្គការដៃគូពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេសមួយចំនួនទៀត។

គោលបំណងនៃសិក្ខាសាលានេះ រួមមាន៖

១៖ ដើម្បីបង្ហាញជូនដល់តំណាងចូលរួមរបស់ក្រសួង/អគ្គនាយកដ្ឋាន អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ដោយបង្កើតផែនការជាតិសម្រាប់ ធ្វើបទបង្ហាញនៅក្នុងវេទិកាអន្តរជាតិពិនិត្យការងារទេសន្តរប្រវេសន៍ ឆ្នាំ២០២២។

២៖ ដើម្បីផ្តល់ការគាំទ្រដល់ក្រសួង/អគ្គនាយកដ្ឋាន ក្នុងការបង្កើតផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ តាមរយៈ៖
* សិក្ខាសាលាជាក្រុមតូច ដើម្បីបំផុសគំនិតសម្រាប់ព្រាងផែនការអនុវត្ត
* ការធ្វើបទបង្ហាញអំពីសេចក្តីព្រាងផែនការនីមួយៗ របស់ក្រសួង/អគ្គនាយកដ្ឋាន
* ការបង្កើតផែនការជាតិសម្រាប់អនុវត្តកតិកាសញ្ញាពិភពលោក។

ក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា សារៈសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីរៀបចំសេចក្តីព្រាង នៃផែនការសម្រាប់ការអនុវត្ត កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់។

លោកស្រីបន្តថា កតិកាសញ្ញានេះសំខាន់ ដោយសារកម្ពុជាបានចូលរួមកសាងកតិកាសញ្ញានេះ តាំងពីឆ្នាំ២០១៧ មកម្ល៉េះ។ បន្ទាប់មក កម្ពុជាក៏បានចូលរួមអនុម័តកតិកាសញ្ញានេះ នៅក្នុងប្រទេសម៉ារ៉ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

បើតាមលោកស្រី ជូ ប៊ុនអេង ការងារទេសន្តរប្រវេសន៍ ពាក់ព័ន្ធនឹងគណៈកម្មាធិការជាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយសារតែបើការគ្រប់គ្រងមិនមានសុវត្ថិភាព ដល់ពលករ ឬរបៀបរៀបរយ មិនស្របច្បាប់បានទេ ហានីភ័យដែលនឹងធ្លាក់ដល់ជនទេសន្តរប្រវេសន៍ គឺមានអំពើជួញដូរនៅក្នុងនោះ៕