(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការរៀបចំយន្តការដេញថ្លៃនាំចូល ជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា នឹងជួយលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ក្នុងអាជីវកម្មនាំចូលជ្រូករស់ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាឱ្យបាននូវស្ថិរភាពថ្លៃជ្រូករស់ និងថ្លៃសាច់នៅលើទីផ្សារ។

លិខិតរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅរដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ កុម្ភៈនេះ បានបញ្ជាក់ថា ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា គឺជាឧបករណ៍មួយចាំបាច់សម្រាប់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាក្នុងវិស័យជ្រូកជារួម និងម្យ៉ាងទៀតធានានិរន្តភាពនៃការចិញ្ចឹមជ្រូករបស់កសិករ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីធានាស្ថិរភាពថ្លៃសាច់ជ្រូកក្នុងទីផ្សារ ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយសម្ពាធថ្លៃម្ហូបអាហារនៅលើទីផ្សារ ក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ១៩។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្ម បានដាក់សំណើសុំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្អាកការផ្តួចផ្តើមលើការរៀបចំនីតិ វិធីដេញថ្លៃជ្រូករស់ សម្រាប់នាំចូលមកកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងក្នុងលិខិតថា «តាមផ្អែកតាមការសិក្សរបស់អគ្គលេខាធិការដ្ឋាននៃ គ.ស.ហ និងការប្រឹក្សាយោបល់ជាមួយភាគីពាក់ព័ន្ធ ការឡើងថ្លៃសាច់ជ្រូកនៅលើទីផ្សារនេះ មួយផ្អែកដោយសារការកើនឡើងថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូក ហើយបញ្ហានេះជាបញ្ហារចនាសម្ព័ន្ធ (ថ្ងៃអគ្គិសនី ចំណី ពូជ ជីវសុវត្ថិភាព ជាដើម) ដែលទាមទារឱ្យមានអន្តរាគមន៍ ជួយដោះស្រាយពីរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះបញ្ហានេះ ក្រសួងពាណិជ្ជកម្មបានធ្វើការសម្របសម្រួល រៀបចំការសិក្សាអំពីការវិភាគថ្លៃដើមនៃការចិញ្ចឹមជ្រូក និងបានបញ្ចប់សេចក្តីព្រាងរបាយការណ៍ ដោយក្នុងមានវិធានការមួយចំនួនធំ នឹងចូលរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម»

អគ្គបណ្ឌិតសភាចារ្យ បានអះអាងថា យន្តការនៃការដេញថ្លៃនាំចូលជ្រូករស់ គឺនឹងត្រូវប្រើប្រាស់នៅពេលមានកង្វះការផ្គត់ផ្គង់ជ្រូកក្នុងស្រុកប៉ុណ្ណោះ ពោលពុំត្រូវបានយកមកអនុវត្តជាប្រចាំនោះឡើយ។ ទន្ទឹមគ្នានេះ ការកំណត់បរិមាណជ្រូករស់ដែលនឹងអនុញ្ញាតឱ្យនាំចូលក្នុងពេលចាំបាច់ណាមួយ គឺសមត្ថកិច្ចរបស់គណៈកម្មការដេញថ្លៃដែលមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទជាប្រធាន។

ក្រុមហ៊ុនឯកជនដែលមានសិទ្ធិអាចដាក់ពាក្យចូលរួមដេញថ្លៃនាំចូលជ្រូករស់បាន តម្រូវឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ និងលក្ខខណ្ឌតម្រូវផ្សេងៗ។ មួយវិញទៀត ការដេញថ្លៃនេះ ប្រើប្រាស់វិធីសាស្រ្តនៃការដេញថ្លៃចុះ ប៉ុន្តែថ្លៃជ្រូករស់នាំចូលនេះនឹងត្រូវកំណត់ក្នុងកម្រិតមួយ ដើម្បីធានាមិនឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងថ្លៃក្នុងទីផ្សាររបស់អ្នកចិញ្ចឹមក្នុងស្រុក៕