(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ឆេគូ អ៊ូស៊ូម៉ាន តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

កិច្ចពិភាក្សាផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសហ្វ្រង់កូហ្វូនី និងកម្ពុជា ជាពិសេសការរៀបចំកម្មវិធីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខ។

អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីដែលដឹកនាំដោយលោក ឆេគូ អ៊ូស៊ូម៉ាន និងបានសាទរ ចំពោះកិច្ចសហប្រតិបត្តិការល្អរបស់ស្ថាប័នទាំងពីរ និងបានលើកឡើងអំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងវិស័យសក្តានុពលរបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ធុរជនហ្វ្រង់កូហ្វូនី។

បន្ថែមពីលើនេះទៀត កម្ពុជាមានកិច្ចព្រមព្រៀងសេរីទ្វាភាគីជាមួយចិន និង កូរ៉េ ដែលជាការបើកទីផ្សារកាន់តែទូលាយ សម្រាប់ផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ សភាពាណិជ្ជកម្មគាំទ្រ និងសហការក្នុងការរៀបចំឲ្យបានជោគជ័យ នូវបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្រ្វង់កូហ្វូនី មកកាន់ព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ាប្រធានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី ក្នុងឆ្នាំនេះ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល
អាស៊ាន។ ដោយឡែក សម្រាប់វិស័យឯកជន អ្នកឧកញ៉ាប្រធាន ទទួលភារៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងរាយការណ៍ជូនថ្នាក់ដឹកនាំអាស៊ានអំពីបញ្ហាប្រឈម និង អនុសាសន៍នានារបស់វិស័យឯកជន។

លោក ឆេគូ អ៊ូស៊ូម៉ាន ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលទទួលជួបពិភាក្សាការងារជាមួយលោក និងសហការី ក្នុងឱកាសដែលបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកមានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គ្រោងនឹងរៀបចំកម្មវិធីបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មលើកទី១ នៅចុងខែមីនា ឆ្នាំ២០២២ នេះ ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងបណ្តារដ្ឋប្រើប្រាស់ភាសាបារាំង នៅទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ ក្រុមហ៊ុនចំនួន ៧៨ ក្រុមហ៊ុនមកពីគ្រប់ទ្វីបទាំងអស់នឹងធ្វើដំណើរមកកម្ពុជា ចូលរួមក្នុងបេសកកម្មនេះ ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិ-ឧស្សាហកម្ម ឌីជីថល និងថាមពលកកើតឡើងវិញ។

លោកបញ្ជាក់ថា បេសកកម្មហ្រ្វង់កូហ្វូនី ជំរុញឲ្យមានការតភ្ជាប់ភស្តុភារកម្មឲ្យកាន់ប្រសើរជាងមុន ប្រព័ន្ធទូរទាត់ពាណិជ្ជកម្មដែលអាចទុកចិត្តបាន និងមានភាពងាយស្រួល និងការតភ្ជាប់ធុរកិច្ចនិងធុរកិច្ចក្នុងបណ្តារប្រទេសប្រើប្រាស់ភាសាបារាំង។

លោកស្នើសុំ អ្នកឧកញ៉ា គិត ម៉េង ជួយគាំទ្រដល់បេសកកម្មនេះ ឲ្យទទួលបានជោគជ័យបំផុត និង ពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនៃប្រទេសប្រើប្រាស់ភាសាបារាំង។

លោកអញ្ជើញក្រុមហ៊ុនដែលជាសមាជិកសភាពាណិជ្ជកម្មចូលរួម ក្នុងជំនួបពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនហ្រ្វង់កូហ្វូនី និងពិនិត្យលទ្ធភាពសហប្រតិបត្តិការក្នុងវិស័យរៀងៗខ្លួន។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍គាំទ្រចំពោះមតិរបស់លោក ឆេគូ អ៊ូស៊ូម៉ាន ក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យសំខាន់ៗទាំងបីខាងលើ ក៏ដូចជាវិស័យផ្សេងៗទៀត និងបានឯកភាពលើការចុះអនុស្សរណៈយោគយល់ រវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មនៃប្រទេសប្រើប្រាស់ភាសាបារាំង ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងសហការពេញទំហឹង ដើម្បីឲ្យបេសកកម្មលើកទី១របស់អង្គការហ្រ្វង់កូហ្វូនីមកកម្ពុជា ទទួលបានជោគជ័យ និងលទ្ធផលតាមការគ្រោងទុក៕