(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ប្រាំង ជលសា អគ្គនាយករងផែនការបច្ចេកទេស នៃអគ្គីសនីកម្ពុជា បានដឹកនាំកិច្ចប្រជុំអនុគណកម្មការ ដោះស្រាយផលប៉ះពាល់ ដីធ្លីសំណង់ ផ្ទះសំបែង និងដើមឈើហូបផ្លែ ក្រុមការងារគ្រប់គ្រងបរិស្ថានសង្គម គណៈកម្មការបណ្ដឹងសារទុកខេត្តស្ទឹងត្រែង ទូទាត់សំណងអំពីផលប៉ះពាល់ទាំងអស់នេះ និងរៀបចំកិច្ចប្រជុំជាមួយអគ្គិសនីកម្ពុជា ព្រមទាំងស្នើសុំអនុញ្ញាតគាំទ្រគម្រោង ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ។

ថ្លែងក្នុងឱកាសនោះ លោក ប្រាំង ជលសា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឲ្យអគ្គិសនីកម្ពុជាសាងសង់គម្រោងខ្សែបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ គម្រោងខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងសរុបប្រមាណ២៩៩គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ខេត្តកណ្តាល, ស្រុកបាធាយ ខេត្តកំពង់ចាម, ស្រុកបារាយណ៍ ស្រុកសន្ទុក ស្រុកសណ្តាន់ ខេត្តកំពង់ធំ, ស្រុកសៀមបូក ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្រុកឆែប ខេត្តព្រះវិហារ ដែលនឹងចាប់ផ្តើមដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។

លោកថា គម្រោងនេះមានសារៈសំខាន់ណាស់ ដើម្បីបង្កើនលទ្ធភាពនាំថាមពល ដែលមានតម្លៃសមរម្យមកផ្គត់ផ្គង់បន្ថែមបំពេញតម្រូវការទូទាំងប្រទេស ជាពិសេសតំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលជាមណ្ឌលសេដ្ឋកិច្ចនយោបាយ។ ដូច្នេះស្នើសុំអភិបាលខេត្ត ជួយសម្រួល និងចាត់ចែងតាមសំណើ ដូចខាងក្រោម៖

*ទី១៖ បង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ផ្ទះសម្បែង ដីធ្លី និងដើមឈើហូបផ្លែ ក្រុមការងារគ្រប់គ្រង បរិស្ថាន សង្គម និងគណៈកម្មការបណ្ដឹងសារទុក្ខខេត្តស្ទឹងត្រែង (ឲ្យបានមុនកិច្ចប្រជុំចាប់ផ្តើម)។

*ទី២៖ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ពិគ្រោះយោបល់លើផលប៉ះពាល់ ដោយសារគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មុនចុះដោះស្រាយផលប៉ះពាល់ និងទូទាត់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ជាមួយគ្នានេះ លោក ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណគុណដល់ អគ្គិសនីកម្ពុជា ដោយលោកនឹងយករឿងទៅជំរាបជូន អភិបាលខេត្ត ដើម្បីឲ្យក្រុមការងារថ្នាក់ខេត្ត ចុះដោះស្រាយផលប៉ះពាល់អគ្គិសនីកម្ពុជា ក្នុងនោះឲ្យចូលរួមសហការជាមួយអាជ្ញាធរដែនដី មានភូមិ ឃុំ សង្កាត់ ស្រុក ចុះស្រង់ព័ត៌មានពាក់ព័ន្ធផលប៉ះពាល់ដីធ្លី ផ្ទះសម្ដែង សំណង់ផ្សេងៗ៕