(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្សខណ្ឌ-សង្កាត់ ស្ថិតក្នុងខណ្ឌ៧មករា នៅល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌសង្កាត់ ក្នុងខណ្ឌ៧មករា ពង្រឹងការយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខជនចាស់ជរា ជនគ្មានទីពឹង និងអ្នកក្រីក្រនៅតាមមូលដ្ឋាន ដោយមិនត្រូវទុកឲ្យពួកគាត់ស្លាប់ ដោយការអត់បាយឡើយ។

បន្ថែមពីនេះទៀតលោក ឃួង ស្រេង បានណែនាំឲ្យមន្ដ្រី ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តថ្លើម លើការផ្តល់សេវាសាធារណៈ បន្តទប់ស្កាត់បញ្ហាចោរកម្ម និងក្មេងទំនើង ល្បែងស៉ីសង គ្រឿងញៀន និងបញ្ហាអសកម្មជាច្រើនទៀតនៅមូលដ្ឋាន ព្រោះមិនថាអ្នកមាន ឬអ្នកក្រទេ គឺគ្រប់គ្នាសុទ្ធតែត្រូវការសង្គមមួយ ដែលមានសន្តិសុខសណ្តាប់ និងការរស់នៅប្រកបដោយភាពសប្បាយរីករាយ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញារធរខណ្ឌ និងចៅសង្កាត់ទាំងអស់ ចុះជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ឬដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីកាន់តែបង្កើនភាពសាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងវីរុសបំប្លែងថ្មី អូមីក្រុង។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់សារធារណៈ គឺជាឧត្តមភាពសង្គម ហើយជាបញ្ហាអាទិភាព ដើម្បីធ្វើឲ្យទីក្រុងសោភ័ណភាពស្រស់ស្អាត ស៉ីវិល័យ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

លោកបានណែនាំដល់រដ្ឋបាលខណ្ឌ និងសង្កាត់ មិនត្រូវបណ្តែតបណ្តោយឲ្យមូលដ្ឋានរបស់ខ្លួន នៅតែមានការលក់ដូរ រំលោភលើចំណីផ្លូវសារណៈឡើយ ព្រោះធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាព កកស្ទះចរាចរណ៍ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត។ លោកបានបញ្ជាក់ថា បើកន្លែងណានៅតែមានការលក់ដូរ គ្មានសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ត្រូវហៅពួកគាត់ទៅអប់រំ ឬធ្វើកិច្ចសន្យា ប៉ុន្តែបើនៅរឹងរូសត្រូវអនុវត្តវិធានការណ៍ច្បាប់កសាងសំណុំរឿងទៅកាន់តុលាការ។

លោក ឃួង ស្រេង ជំរុញអភិបាលខណ្ឌ ចៅសង្កាត់ ត្រូវបំពេញការងារនេះឲ្យល្អ ព្រោះនៅតាមផ្លូវមានការលក់ដូររញ៉េរញៃ នៅតំបន់គិរីរម្យមានការលក់ម៉ូតូរំលោភលើចំណីផ្លូវ ដូច្នេះត្រូវតែដោះស្រាយបញ្ហានេះ ដើម្បីធានាឲ្យតាមដងផ្លូវមានភាពស្រស់ស្អាត ប្រជាជនងាយស្រួលធ្វើដំណើរ។ លោកបញ្ជាក់ថា លោកមិនខា្លចឲ្យប្រជាជន មានការលក់ដូរ ដូចនៅទីក្រុងឡុងដ៏ ដើម្បីជីវភាពនោះទេ ដោយគ្រាន់តែការលក់ដូរ នៅក្រុងឡុងពេលឈប់លក់ គឺគ្មានសំរាមនៅរាយប៉ាយ អ្នកលក់ដូរ ចេះគោរពច្បាប់ ចេះប្រមូលសំរាមទុកដាក់បានត្រឹមត្រូវ ប៉ុន្តែការលក់ដូរនៅរាជធានីភ្នំពេញវិញ គឺលក់ហើយ សំរាមនៅរាយប៉ាយមានក្លិនស្អុយ នៅតាមដងផ្លូវ ដូច្នេះអាជ្ញាធរ មិនអនុញ្ញាតឲ្យអាជីវករលក់ដូរនៅតាមដងផ្លូវឡើយ។

ក្នុងពិធីនោះដែរ លោក ឃួង ស្រេង ក៏បានទទួលយកសំណូមពរ និងការដោះស្រាយបញ្ហាផ្សេងរបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាសំរាម ការដាក់ភ្លើងបំភ្លឺផ្លូវនៅទីតាំងឌឿងហែមជាដើម។

ជាមួយនោះ លោក សោម សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ៧មករា បានគាំទ្រពីផែនការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈនេះថា ជាការចង់បានរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ មានចំណីផ្លូវសម្រាប់អ្នកថ្មើជើងធ្វើដំណើរ មិនប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរសង្កាត់ នឹងបង្កើនកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច បន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានកាន់តែល្អ ដើម្បីឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើម ពីការយកចិត្តទុកដាក់របស់អាជ្ញាធរ៕