(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យបន្ដការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ពិសេសប្រភេទ អូមីក្រុង ដែលមានការកើនឡើងជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ និងការអនុវត្តវិធានការការពាររបស់រាជរដ្ឋាភិបាល មិនបានម៉ឺងម៉ាត់នៅឡើយ ជាពិសេស ការជួបជុំកាន់តែច្រើនឡើងៗ ដោយមិនមានការប្រតិបត្តិក្រមសុវត្ថិភាពសង្គមឲ្យបានត្រឹមត្រូវ ដែលបង្កលទ្ធភាពឲ្យមានការចម្លងវីរុសកូវីដ-១៩ កាន់តែច្រើនទៅៗ។

បន្ថែមពីលើនេះ រដ្ឋបាលខេត្តកោះកុង សូមជម្រាបបងប្អូនសាធារណជនទាំងអស់ មេត្តាថាអូមីក្រុង កំពុងតែសកម្មចរាចរយ៉ាងឆាប់រហ័សនៅលើសកលលោក ក្នុងតំបន់ និងប្រទេសកម្ពុជា ដែលតម្រូវឲ្យបងប្អូនចាំបាច់ ត្រូវតែប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការទប់ស្កាត់ និងឆ្លើយតបឲ្យបានទាន់ពេលវេលា ដើម្បីជៀសវាងបាននូវមហន្តរាយសុខភាពសាធារណៈ សេដ្ឋកិច្ចគ្រួសារ និងសង្គមដែលនឹងធានាបាននូវនិរន្តរភាព នៃការរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែង សូមប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេស «៣ការពារ និង៣កុំ»។

ទន្ទឹមនេះ ចំពោះប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន (ដូសទី១ និងដូសទី២) សូមបន្តអញ្ជើញទៅចាក់វ៉ាក់សាំងកូដ-១៩ ដូសទី៣ (ដូសជំរុញ) ឲ្យបានគ្រប់ៗគ្នា គោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសំឡេងនាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ៕