(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចពិភាក្សាផ្តោតជាសំខាន់ លើកិច្ចសហប្រតិបត្តិការរៀបំព្រឹត្តិការណ៍សហគ្រិនវ័យក្មេងអាស៊ាន ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីទាំងនោះ។

អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា នាពេលកន្លងមក។

អ្នកឧកញ៉ាប្រធាន ជំរុញឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចូលរួមកាន់តែសកម្មឡើងជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ដែលបង្ហាញពីកិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ និងចាត់ទុកសហគ្រិនវ័យក្មេង ជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការជួយគាំទ្រដល់ការរៀបចំដោយជោគជ័យ នូវព្រឹត្តិការណ៍អាស៊ានដែលវិស័យឯកជនកម្ពុជា ទទួលបន្ទុករៀបចំក្នុងឆ្នាំ២០២២ នេះ។

លោក ស៊ាង សុបញ្ញា ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានឆ្លៀតពេលដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគមសហគ្រិនវ័យក្មេង។

លោកបានជម្រាបជូន អ្នកឧកញ៉ាប្រធានថា ឆ្នាំ២០២២នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ទទួលភារៈជាម្ចាស់ផ្ទះដឹកនាំក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន និងត្រូវរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា មហោស្រពសហគ្រិនវ័យក្មេង អាស៊ានឆ្នាំ២០២២ ជាដើម។

ក្នុងន័យនេះ លោកស្នើសុំមតិណែនាំ អនុសាសន៍ និងការគាំទ្ររបស់ អ្នកឧកញ៉ាប្រធាន ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យជាកិត្តិយសជាតិ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានគោរពជូនពរ និងអបអរសាទអ្នកឧកញ៉ាប្រធាន ដែលទទួលតំណែងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

អ្នកឧកញ៉ាប្រធាន អបអរសាទចំពោះលោកប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលទទួលភារកិច្ចជាប្រធាននៃក្រុមប្រឹក្សាសមាគមសហគ្រិនវ័យក្មេងអាស៊ាន និងបានផ្តល់អនុសាសន៍ណែនាំ និងគាំទ្រក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏ដូចជាក្នុងក្របខណ្ឌសភាពាណិជ្ជកម្ពុជា៕