(កំពង់ធំ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឲ្យអាជ្ញាធរខេត្ដកំពង់ធំ ត្រូវពិនិត្យឡើងវិញដីសម្បទានសង្គមកិច្ច ដែលត្រៀមសម្រាប់ផ្ដល់ជូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ ហើយត្រូវប្រជាពលរដ្ឋបំពានយកនោះ ដកហូតត្រឡប់មកវិញភ្លាម ដើម្បីទុកប្រគល់ជូនអតីតយុទ្ធជន និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអំពើនេះ។

ការថ្លែងបែបនេះរបស់លោក គន់ គីម ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ឆ្នាំ២០២១ និងទិសដៅបន្ដឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត បានរាយការណ៍អំពីសកម្មភាពដែលបានអនុវត្តនាឆ្នាំ២០២១កន្លងទៅ ដោយសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ មានសមាជិកចំនួន៣,៧៦០នាក់ ក្នុងនោះ ជនពិការចំនួន១,៣៦៣នាក់, ជនពលីចំនួន១,១១៨នាក់, ជនមរណៈចំនួន២៩៨នាក់, និវត្តជនចំនួន៨៤៣នាក់ និងជនបាត់បង់សមត្ថភាពការងារចំនួន ១៤៧នាក់។

ក្នុងឆ្នាំ២០២១ មានសមាជិកសមាគមទទួលមរណភាព ចំនួន៧៣សព ដោយទទួលបានថវិកាឧបត្ថម្ភ ក្នុងម្នាក់ចំនួន៤លានរៀល សរុបជាថវិកា២៩២លានរៀល ហើយថវិកាខេត្តអាចទ្រទ្រង់បានតែ៦៣សព។ ចំណែក១០សពទៀត ជាថវិកាឧបត្ថម្ភបំពេញបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន ដែលគិតជាថវិកា៤០លានរៀល។ ការកសាងផ្ទះ ជូនសមាជីកសមាគមអតីតយុទ្ធជនដែលមានផ្ទះស្នាក់នៅមិនសមរម្យ និងមិនមានដី និងផ្ទះស្នាក់នៅសម្រេចបានក្នុងឆ្នាំ២០២១ មានចំនួន១៦៣ខ្នងផ្ទះ។

គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២១ ទូទាំងខេត្តសាងសង់បានចំនួន ៣៤២ខ្នង (លើដីសម្បទានសង្គមកិច្ចចំនួន១៤១ខ្នងផ្ទះ) ដោយមានការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងការយកចិត្តទុកដាក់របស់ លោកទេសរដ្ឋមន្ដ្រី គន់ គីម សមាគមខេត្ត បានសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់សមាជិកសមាគមអតីតយុទ្ធជនដូសទី១ ដល់ដូសទី៣ បានចំនួន៣,០៩៨នាក់ផងដែរ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងសមាជិកសមាគមព្រមទាំងក្រុមគ្រួសារនៅទូទាំងខេត្តផងដែរ។

លោក គន់ គីម បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមខេត្តគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ការគិតគូពីសុខទុក្ខពីជីវភាពរស់នៅរបស់បងប្អូននៅតាមមូលដ្ឋាន និងបងប្អូនដែលទើបទៅតាំងទីលំនៅថ្មី លើសម្បទានដីសង្គមកិច្ចដែលសម្តេចតេជោ ទើបប្រគល់ និងសាងសង់ផ្ទះឲ្យ និងសូមក្រុមការងារ ស.អ.ក.ខេត្ត ខិតបន្តជំរុញធ្វើបច្ចុប្បន្នភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តដែលនៅសេសសល់បន្តទៀត។

ជាមួយគ្នានេះដែរ ក្នុងនាមសម្តេចតេជោ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ សមាគមអតីតយុទ្ធជនខេត្ត ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា និងគិតគូរអំពីសុខទុក្ខ និងជួយដោះស្រាយការលំបាកខ្វះខាត របស់អតីតយុទ្ធជនបានទាន់ពេលវេលា និងសូមជូនពរដល់ថ្នាក់ដឹកទាំងអស់ រួមសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តទាំងអស់ផងដែរ៕